ភ្នំពេញ ៖ មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែង និងផ្លូវ៥១៦ ជាប់ និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយមានស្ត្រីអាយុជាង៣០ឆ្នាំម្នាក់ បានឈឺពោះសម្រាលកូនស្រីនៅតាមដងផ្លូវហើយត្រូវបានអ្នកធ្វើដំណើរនៅតាមដងផ្លូវឃើញជួយ និងហៅរថយន្តសង្គ្រោះដឹកសង្គ្រោះបន្ទាន់នៅមន្ទីរកាលម៉ែត ។
តាមការឲ្យដឹងពីសន្តិសុខម្នាក់ដែលយាមនៅក្បែរកន្លែងកើតហេតុបានឲ្យបានឲ្យដឹងថា ស្ត្រីដែលបានសម្រាលកូននៅតាមដងផ្លូវនោះ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានអាយុប្រមាណជាង៣០ឆ្នាំ ហើយមុនកើតហេតុរូបគាត់បានឃើញស្ត្រីខាងលើនេះធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ៥១៦ ក្នុងទិសដៅពីកើតទៅលិច មកឈប់អង្គុយនៅចំណុចកើតហេតុខាងលើ ហើយបានត្អូញត្អែរថា រូបគាត់ឈឺពោះណាស់ ខណៈនោះក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញហេតុការណ៍ក៏បាននាំមកជួយសសង្គ្រោះជាបឋមសិន រួចបានសម្រាលកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ ។ បន្ទាប់មករង់ចាំរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅសង្គ្រោះបន្តទៀត ។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍និងកោតសរសើរនោះ គឺមាននារីវ័យក្មេងរូបស្រស់ដូចតារាម្នាក់បានបើករថយន្តឡិចស៊ីស ៣៣០មួយគ្រឿង មកឈប់ជួយសង្គ្រោះដោយមិនខ្លាច និងរអើមនោះទេ ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនដែលបានមកឈប់មើលមានការកោតសរសើរទៅលើនារីវ័យរូបស្រស់នោះផងដែរ ។ បន្ទាប់មកប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចរថយន្តសង្គ្រោះបន្ទាន់ផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងហៅរថយន្តសង្គ្រោះបន្ទាន់គ្លីនិករស្មីបានមកជួយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត្របន្ត ដោយរថយន្តសង្គ្រោះមន្ទីរពេទ្យរស្មីមិនមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់ ៕