បាត់ដំបង ៖ ផ្ទះបណ្តែតលើទឹកចំនួន១ខ្នងនៅ បឹងទន្លេសាបត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ខណះក្មេងតូច២នាក់និងមនុស្សចាស់ម្នាក់ត្រូវរំដោះទាន់ពេលវេលា។
អាជ្ញាធរបាននិយាយថា អគ្គីភ័យបណ្តាលអោយឆេះផ្ទះនេះបានកើតឡើងនៅអំឡុងវេលាជិតម៉ោង១០.០០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំនុចផ្ទះលេខ៤៥៦ ក្នុងក្រុមទី៦ ភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ម្តាយមីងម្ចាស់ផ្ទះរងគ្រោះបានរៀបរាប់អោយដឹងថា មូលហេតុនៃការឆាបឆេះនេះផ្តើមចេញពីក្នុងផ្ទះឆ្លងចរន្តអគ្គីសនី( ភ្លើងឯកជន) បែកផ្កាភ្លើងមួយសន្ទុះក៏បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទុកមួយរំពេចតែម្តង ស្ទើរតែនាំចៅតូចៗចំនួន២នាក់ចេញសឹងមិនទាន់។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះសែន សុខភិន អាយុ៣៨ឆ្នាំ ក្នុងពេលកើតហេតុរវល់ទៅយាមសត្វនៅតំបន់អភិរក្ស រីឯប្រពន្ធមានឈ្មោះសែម ឡាក់គី អាយុ៣២ឆ្នាំរវល់ទៅលក់បង្អែមនៅខាងក្រៅផ្ទះ ជារៀលថ្ងៃតែងចេញពីផ្ទះហើយបានផ្ញើរកូនតូចអាយុ៥ឆ្នាំម្នាក់ និងអាយុ១១ឆ្នាំម្នាក់អោយម្តាយមីងជួយមើលការខុសត្រូវ។
ឧបទ្ទវហេតុនេះបានបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅក្នុងភ្នក់ភ្លើងរួមទាំងប្រាក់មួយចំនួនទៀតផងដែរប្រហាក់ប្រហែល៦០លានរៀល៕