ភ្នំពេញ៖ « នេះគឺជាបណ្តឹងមួយដែលគ្មានន័យខ្លឹមសារទេ ពីព្រោះតែពេលថ្មីៗនេះ មានការពិភាក្សាគ្នាអំពីចលនាសហជីពនៅ ស្រុក ខ្មែររឿងបៀវត្សរ៍របស់កម្មករ ហើយគេនឹងធ្វើយុទ្ធនាការអំពីការដំឡើងប្រាក់បៀវត្សរ៍ហ្នឹង។ សម្រាប់ខ្លួនខ្ញុំ ខ្ញុំចូលខ្លួនតាមដីកាកោះរបស់តុលាការ ពីព្រោះយើងខ្ញុំគោរពច្បាប់ ហើយអ្នកណាគោរព ឬមិនគោរពគឺជារឿងរបស់គេ។ ប៉ុន្តែសម្រាប់បុគ្គលខ្ញុំ ខ្ញុំរស់នៅក្នុងប្រទេសកម្ពុជា ជាប្រជាពលរដ្ឋកម្ពុជា ខ្ញុំគោរពច្បាប់ហើយ។ នីតិវិធីតុលាការគាត់ធ្វើអី ធ្វើទៅ។ ប៉ុន្តែឲ្យមានហេតុ និងផលសមរម្យក្នុងនាមតុលាការកាត់សេចក្តីឲ្យបានត្រឹមត្រូវ » ។
នេះជាការអះអាងរបស់ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលបានលើកឡើងនៅមុនពេលចូលខ្លួនទៅបំភ្លឺតុលាការកាលពីវេលាម៉ោង ២ និង ៣០ នាទី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នេះ ទាក់ទងការដឹកនាំកម្មករធ្វើកូដកម្មបាតុកម្មនៅផ្លូវវ៉េងស្រេង ដែលនាំឲ្យមានអំពើហិង្សាកាលពីចុងឆ្នាំ២០១៣ រហូតដល់ដើមឆ្នាំ២០១៤ បានបណ្តាលឲ្យកម្មករស្លាប់ និងរបួស ហើយទ្រព្យសម្បត្តិរោងចក្រមួយចំនួនត្រូវបានវាយកម្ទេស និងនៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នា២០១៣ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
គួរជម្រាបថា ក្នុងការសើរើសំណុំរឿងក្តីនោះចៅក្រមបានកោះហៅ លោក ប៉ាវស៊ីណា មេដឹកនាំសហជីពកម្មករ ចូលបំភ្លឺកាលពីថ្ងៃទី១២កញ្ញា។ ចៅក្រមបានចោទប្រកាន់ និងដាក់លោកប៉ាវស៊ីណា នៅក្រោមការត្រួតពិនិត្យរបស់តុលាការ តែមិនចាប់ឃុំខ្លួនទេ ចំណែកថ្ងៃទី១៨ខែកញ្ញាខាងមុខនេះ លោកអាត់ធន់ ក៏ត្រូវចៅក្រមសាលាដំបូងរាជធានីតម្រូវឲ្យចូលឆ្លើយបំភ្លឺដែរ៕
លោក ជា មុនី