ព្រៃវែង ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មានស្តីពី «ក្រុមហ៊ុនចិនធ្វើអាជីវកម្មលើភ្នំឈើកាច់ក្នុងខេត្តព្រៃវែងដោយគ្មានច្បាប់ និងបានរក្សាទុកគ្រឿងផ្ទុះមិនមានការប្រុងប្រយ័ត្ន» និង «ក្រុមហ៊ុនចិនកន្ទេលធំ បន្លំដេក កាយថ្មលើភូមិឈើកាច់» ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺថាទីតាំងអាជីវកម្មខាងលើគឺស្ថិតនៅតំបន់ភ្នំស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មិនមែននៅលើភ្នំឈើកាច់ (តំបន់អភិរក្ស) ដូចការចុះផ្សាយរបស់សារព័ត៌មានកន្លងមកនោះទេ។
ក្រុមហ៊ុន SAMNANG LONG NAM EXIM Co., Ltd ទទួលបានអាជ្ញាបណ្ណ
អណ្តូងរ៉ែបើកការដ្ឋានវាយថ្ម ពីក្រសួងរ៉ែ និងថាមពល មិនមែនជាក្រុមហ៊ុនដែលគ្មានច្បាប់ដូចការចុះផ្សាយឡើយ។ ក្រុមហ៊ុននេះ បានសហការជាមួយក្រុមហ៊ុនចិនឈ្មោះ HONG FONG INDUSTRIAL ដើម្បីកិនថ្មយកទៅផ្គត់ផ្គង់ការសាងសង់ផ្លូវជាតិលេខ១១ ចាប់ពីអ្នកលឿងទៅដល់ស្វាយអន្ទរ និងផ្លូវជាតិលេខ១៣ ចាប់ពីស្វាយរៀងទៅដល់ស្រុករមាសហែក៕