ខេត្តត្បូងឃ្មុំ ៖ តារាកំប្លែងនាយកុយ និងនាយក្រិន បានរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈអ្នកទាំងពីរបានបើករថយន្តស៊េរីទំនើប ម៉ាកលុចស៊ិស ៥៧០ ត្រឡប់ពីខេត្តត្បូងឃ្មុំ មកភ្នំពេញវិញ នៅវេលាទៀបភ្លឺថ្ងៃទី២០ មករា នេះ។
ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង៥០ នាទីព្រឹក នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបែកកង់ហើយបាន រ៉េចង្កូតទៅបុកដើមឈើ អ្នករងគ្រោះនៅកន្លែងនោះត្រូវស្គាល់ថាជា នាយកុយ រៀមច្បងនៃតារាកំប្លែងល្បីល្បាញនៅកម្ពុជា។
ជនរងគ្រោះបើកបររថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AR-9968 ឈ្មោះ ជួង ជី ហៅនាយកុយ អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន ហៅនាយក្រឹន ភេទប្រុស អាយុ៣៩ឆ្នាំ សព្វថ្ងៃរស់នៅសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។
រថយន្តរបស់តារាកំប្លែងរូបនេះគឺ បើកបរពីខេត្តរតនគរី មកក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបែកកង់ទើបបណ្តាលអោយរេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។ ករណីនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ទោះជាយ៉ាងណានេះក៍ជាសំណាងមួយដែរមិនប៉ះពាល់ដល់អាយុជីវិតឡើយ តែរថយន្ងខូចខាតយ៉ាងដំណំ៕ ដោយ ៖ សុផល