ភ្នំពេញ ៖ តូបលក់ទឹកត្នោតជូរដែលធ្វើអំពីឈើប្រក់ស្បូវ និងសង្ក័សីជាច្រើនតូបត្រូវរងការឆាបឆេះបំផ្លាញដោយអគ្គិភ័យ កាលពីរសៀលថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៩ ដោយទីតាំងឆាបឆេះនេះស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីភ្ញៀវដែលអង្គុយហូបទឹកត្នោតជូរត្រង់តូបកើតហេតុ គឺដំបូងឡើយពួកគេបានអង្គុយហូបជាធម្មតាបានប្រហែលមួយម៉ោង ស្រាប់ពេលនោះលឺសូរសម្លេងផ្ទុះចេញពីបន្ទប់ចុងភ្លៅ ហើយឃើញអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងហូបរត់ជាន់ជើងគ្នាព្រោងព្រាត។ ភ្លាមៗពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីអោយជួយអន្តរាគមន៍ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ។
ក្រោយពីទទួលបានសេចក្តីភ្លាមៗកម្លាំងមូលដ្ឋានបានសហការជាមួយកម្លាំងបង្កានឹងពន្លត់អគ្គិភ័យបានបញ្ជារថយន្តបីគ្រឿងចុះដល់ទីតាំងកើតហេតុនឹងបានធ្វើការបាញ់ស្រោចអស់រយះពេលជាងកន្លះម៉ោងទើបអាចទប់ស្កាត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញ ។
ប៉ុន្តែក្នុងហេតុការណ៍គ្រោះមហន្តរាយនេះបានបណ្តាលអោយតូបលក់ត្នោតជូរជាច្រើនតូបនឹងសម្ភារមួយចំនួនត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង ដោយសារទីតាំងឆេះនោះគឺភាគច្រើនប្រក់ស្បូវហេតុនេះធ្វើអោយការឆាបឆេះលឿន ណាមួយរថយន្តពន្លត់អគ្គិភ័យនៅឆ្ងាយពីកន្លែងកើតហេតុ៕