ខេត្តកំពង់ចាម ៖ ការអុចទៀនធូបលើអាសនៈជាទីសក្ការៈ សុំអោយជីដូនជីតា ឬវត្ថុសក្ក័សិទ្ធិក្នុងលោកអោយជួយថែរក្សាយើង តែបើខ្លួនឯងផ្ទាល់មិនបានប្រុងប្រយ័ត្នវានឹងបង្កជាមហន្តរាយ ដែលមិនអាចអោយបារមីជួយយើងបាននោះឡើយ។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩ និង ១៥នាទី លោកអធិការនគរបាលស្រុកចំការលើ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មានភ្លើងឆេះផ្ទះ របស់ឈ្មោះ វេង ងាន់សេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មាន ភ្លាមលោកអធិការនគរបាលស្រុកចំការលើ បានដឹកនាំកម្លាំង និងបានបញ្ចេញរថយន្ដពន្លត់អគ្គីភ័យ របស់អធិការដ្ឋាន ១គ្រឿង ចុះទៅកន្លែងកើតហេតុ ។ ជាមួយគ្នានេះដែរលោកអធិការក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដ បានបញ្ជាអោយរថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានខេត្ត ១គ្រឿង ,អធិការដ្ឋានស្រុកកំពង់សៀម ១គ្រឿង និងរបស់អធិការដ្ឋានស្រុកស្ទឹងត្រង់ ១ គ្រឿងចេញប្រតិបត្តការជួយ ដើម្បីការពារកុំអោយរាលដាលទៅផ្ទះផ្សេងទៀត ។ លោក អធិការបានបញ្ជាក់ថាក្នុងកិច្ចអន្តរាគមន៏នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ចំនួន ៤ គ្រឿង អស់ទឹកចំនួន ៦ រថយន្ដ គឺ -រថយន្តអធិការដ្ឋានស្រុកចំការលើ ១ គ្រឿង អស់ទឹក ៣ រថយន្ដ -រថយន្តស្នងការដ្ឋាន ១ គ្រឿង អស់ទឹក ១ រថយន្ដ -រថយន្តស្រុកកំពង់សៀម ១ គ្រឿង អស់ទឹក ១ រថយន្ដ និងស្រុកស្ទឹងត្រង់ ១ គ្រឿង អស់ទឹក ១ រថយន្ដ។ នៅវេលាម៉ោង១២:០០នាទី នាថ្ងៃខែឆ្នាំដដែលអគ្គីភយ័បានរលត់ទាំងស្រុង។ -ករណីនេះបណ្តាលអោយរបួសមនុស្សកំរិតស្រាល ចំនួន ២នាក់ ដោយសាររលាកអណ្ដាតភ្លើង: ១.ឈ្មោះ សឹប គឹមស៊ី ភេទស្រី អាយុ ៦៤ឆ្នាំ (ជាម្ដាយ) ២.ឈ្មោះ អែន ស្រីទូច ភេទស្រី អាយុ ៣៤ ឆ្នាំ (ជាកូន) និងឆេះអស់ផ្ទះ ១ខ្នង ទំហំ ៦ម៉ែត្រ x ១៤ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ថ្មខាងក្រោម។ ចំពោះសម្ភារះបាត់បង់មាន: ប្រាក់ ៣០ម៉ឺនរៀល ,គ្រែ៣ ,ទូខោអាវ៥ ម៉ាស៊ីនបោកខោអាវ១ ទូទឹកកក១ ស្រូវ១៥បេ ទូរទស្សន៍ ៣គ្រឿង។ សមត្ថកិច្ចបានអោយដឹងថា អគ្គីភ័យនេះ បណ្តាលមកពីភ្លើងធូប អុជនៅថ្ងៃសីល៕ ដោយ ៖ សុផល