ភ្នំពេញ ៖ ឃ្លាំងស្តុកខោអាវជជុះចំនួន ២ឃ្លាំង ដែលមានម្ចាស់ ឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ៦៦ឆ្នាំ ស្ថិតនៅភូមិព្រែកទាល់ ក្រុមទី៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះកាលពីម៉ោង១ និង១៥នាទី រំលងអាធ្រាត្រថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
បើតាមម្ចាស់ឃ្លាំងបានឲ្យដឹងថា មូលហេតុបណ្តាលឲ្យមានការឆាបឆេះនេះ មកពីឆ្លងចរន្តអគ្គិសនី និងខាតបង់ទ្រព្យសម្បត្តិគិតជាសាច់ប្រាក់ប្រមាណជាង ២ម៉ឺនដុល្លារ តែទោះជាយ៉ាងណាក៏ក្រុមការងារបានជួយអន្តរាគមន៍បាញ់ពន្លត់គ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ ការពារ មិនឲ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងរួមទាំង មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ក្នុងគ្រោះអគ្គិភ័យខាងលើនេះ ក្រុមការងារបង្ការពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានប្រើឡានទឹកក្នុងការបាញ់ពន្លត់ ដោយប្រើឡានអគ្គស្នងការរាជធានីភ្នំពេញអស់៨គ្រឿង ប្រើទឹកអស់២០ជើង រួមទាំងឡាន របស់បញ្ជាការអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿង ស្មើនឹង៣ជើងឡានទឹក សរុបទាំងអស់ចំនួន១១គ្រឿង ប្រើប្រាស់អស់ទឹក ២៣ជើងឡានទឹក ទើបរលត់ទៅវិញនៅវេលាម៉ោង ៣ ទៀបភ្លឺ៕