នយោបាយ៖នៅក្នុងដំណើរទស្សនកិច្ចទៅអាមេរិក នៅពេលថ្មីៗ នេះលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងកម្ពុជាបាននិយាយប្រាប់បណ្ដាអ្នកគាំទ្រថា លោកគាំទ្រចំពោះយុទ្ធនាការចង់ឲ្យខ្មែរនៅក្រៅប្រទេសមានសិទ្ធិចូល រួមនៅក្នុងការបោះឆ្នោតជាតិនៅកម្ពុជា។
គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ ខ្មែរនៅក្រៅប្រទេសហៅកាត់ថា CEROC ឲ្យដឹងថា បើតាមតួលេខរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣មានខ្មែរប្រមាណ៣សែន៦ម៉ឺននាក់ត្រូវប្រទេសជាច្រើន ទទួលយកជាជនភៀសខ្លួនបន្ទាប់ពីពួកគេរត់ចេញពីសង្គ្រាមស៊ីវិលនៅ កម្ពុជា។
អង្គការ CEROC បានលើកឡើងថា មកទល់ពេលនេះ មានការប៉ាន់ប្រមាណថា មានខ្មែរប្រមាណកន្លះលាននាក់រស់នៅអចិន្ដ្រៃយ៍ក្រៅប្រទេស។ ក្រៅពីនេះក៏មានជនចំណាកស្រុករាប់ម៉ឺននាក់ទៀតដែរដែលទៅធ្វើការ នៅថៃ, ម៉ាឡេស៊ី និងកូរ៉េខាងត្បូង។
ប្រទេសប្រកាន់លទ្ធិ ប្រជាធិបតេយ្យជាច្រើនក្នុងលោកនេះដូចជាអូស្ដ្រាលី និងឥណ្ឌូណេស៊ីជាដើមផ្ដល់សិទ្ធិឲ្យពលរដ្ឋរបស់ខ្លួននៅក្រៅប្រទេស អាចចូលរួមការបោះឆ្នោតពីចម្ងាយបានតាមរយៈការបោះនៅស្ថានទូត ឬស្ថានកុងស៊ុលរបស់គេនៅក្រៅប្រទេស៕
លោក សម រង្ស៊ី គាំទ្រយុទ្ធនាការឲ្យខ្មែរនៅក្រៅប្រទេសអាចចូលរួមការបោះឆ្នោតជាតិបាន (Credit: AFP)