លោក ឆែ សុធា ៖ ឆ្នាំ​២០១៨ គយ​ខេត្តបន្ទាយមានជ័យ រកចំណូលបាន​ជិត ១​លាន​ដុល្លា​ក្នុង​១​ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2019 ក+ ក-

​បន្ទាយមានជ័យ ៖ អតីត​ប្រ​ធា​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា បាន​លើកឡើងថា ឆ្នាំ​២០១៨ ចំណូល​ពន្ធគយ​ខេត្តបន្ទាយ មានជ័យ រកបាន​ជិត ១​លាន​ដុល្លា ក្នុង​១​ថ្ងៃ ។​

​ការលើកឡើង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​ពិធី​នេះ បានប្រកាស​តែងតាំង​លោក នូ ស៊ីថា ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ មក​បំពេញភារកិច្ច​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ជំនួស​ប្រធាន​ចាស់​លោក ឆែ សុធា ដែល​ត្រូវបាន​ចូលនិវត្តន៍ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក ងួន កុសល ពី​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង​ភ្នំពេញ មក​បំពេញភារកិច្ច ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក ហ៊ុយ សុជាតិ ដែល​ត្រូវ​ទៅ​បំពេញភារកិច្ច ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី ។​

​លោក ឆែ សុធា បញ្ជាក់ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ ដែល​លោក​បម្រើ​ការងារ​ជា​មន្ត្រី​គយ ជាពិសេស​រយៈពេល​ចុងក្រោយ​ដែល​លោក ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ នេះ លោក​ពិត​ជាមាន​សេចក្តី​រីករាយ​ក្រៃលែង ដែល​លោក​បាន​បំពេញការងារ​ប្រកបដោយ​លទ្ធផល​ល្អ ពោលគឺ ការរកចំណូល​ពន្ធគយ​មានការ​កើនឡើង ជាកស្តែង​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ រកចំណូលបាន ៣៣១​លាន​ដុល្លា គិត​ទៅក្នុង​មួយថ្ងៃ​រកបាន ជិត​១​លាន​ដុល្លា ។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី បាន​ប្តេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច​ឲ្យ​បានល្អ និង​ពង្រឹង​កិច្ចសហការ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ។​

​ជាមួយគ្នានេះ លោក ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​មន្ត្រី​គយ និង​រដ្ឋាករ ក្រោយពេល​ប្រកាស​ទទួល​ភារកិច្ច​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ និង​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ធ្វើយ៉ាងណា​ត្រូវខិតខំ​បំពេញភារៈកិច្ច​ការងារ ឲ្យ​បានល្អ ជាពិសេស​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​ត្រូវ​បង្កើន​ការទប់ស្កាត់ កាត់បន្ថយ​អំពើ​រត់ពន្ធ​៕