ភ្នំពេញ ៖ រោងចក្រវាយនភណ្ឌទាំងអស់ និងឃ្លាំងផ្ទុកទំនិញធំៗ ដែលកំពុងស្ថិតនៅក្នុងទីក្រុងភ្នំពេញ គ្រោងរៀបចំប្ដូរទីតាំងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ជាយក្រុងភ្នំពេញវិញ បន្ទាប់ពីផ្លូវនេះត្រូវស្ថាបនាហើយរួចរាល់។ នេះបើតាមការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញ ដែលត្រូវបានដកស្រង់សំដីដោយកាសែតក្នុងស្រុក កាលពីថ្ងៃចន្ទ ទី២១ ខែមករា ម្សិលមិញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីបញ្ចៀសកុំឱ្យមានរថយន្តធំៗបើកបរចូលក្នុងក្រុងបង្កការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញកំពុងរៀបចំគម្រោងឱ្យរថយន្តធុនធំមួយចំនួន អាចបើកបរចូលក្នុងក្រុងស្ថិតក្នុងម៉ោងហាមឃាត់ដដែលថ្វីបើមានបម្រាមក្ដី ប៉ុន្តែលោកថា ករណីនេះកើតឡើងតិចតួចប៉ុណ្ណោះ ហើយក្នុងនោះក៏មានរថយន្តធំមួយចំនួន ត្រូវបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។
គួរជម្រាបថា ការលើកឡើងរបស់លោក ឃួង ស្រេង ពាក់ព័ន្ធនឹងគម្រោងរំកិលទីតាំងរោងចក្រវាយនភណ្ នេះ គឺបានធ្វើឡើងនៅក្រោយពេល សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ពីចក្ខុវិស័យនាពេលអនាគតរបស់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ខណៈសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជាង ៥២គីឡូម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ផ្លូវនេះគឺជាផ្លូវក្រវាត់ក្រុងដ៏ធំបម្រើដល់ការដឹកជញ្ជូនដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវលេខ២១ ផ្លូវជាតិលេខ១ និងតទៅដល់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ។ ផ្លូវក្រវាត់ក្រុងទី៣ នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ ឆ្នាំ២០២១៕