ភ្នំពេញ ៖ សេវាកម្មជួលរថយន្ត ជួលគ្រឿងចក្រកសិកម្ម គ្រឿងចក្រក្នុងវិស័យសំណង់ ត្រូវបាន ក្រុមហ៊ុនក្នុងស្រុកមួយ នាំចូលពីសហរដ្ឋអាមេរិក ដើម្បីសម្រួលដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយ នៅពិធីប្រកាសដំណើរការសេវាកម្មជួលនេះនៅកម្ពុជា ថា ដោយមើលឃើញថា សេវាកម្មជួលនៅក្នុងប្រទេសកម្ពុជា ហាក់មានកម្រិតទាបនៅឡើយ ទើបក្រុមហ៊ុន អ អិម អេខេមបូឌា បាននាំសិទ្ធិសេវាកម្មជួលរបស់ Avis Budget មកកាន់ប្រទេសកម្ពុជា ដោយបន្ថែមការជួលទៅលើរថយន្តសម្រាប់ធ្វើដំណើរ រថយន្តដឹកទំនិញធំធុនតូច និងធុនធំ ដូចជារថយន្តដឹកប្រេង គ្រឿងចក្រកសិកម្ម គ្រឿងចក្រសម្រាប់លើកដាក់ទំនិញក្នុងឃ្លាំង ក៏ដូចជាគ្រឿងចក្រ ក្នុងវិស័យសំណង់ និងឧបករណ៍គ្រឿងចក្រជាច្រើនទៀត ។
លោកបន្តថា ការបើកសេវាកម្មទាំងនេះ គឺជួយដល់អ្នកអភិវឌ្ឍន៍ក្នុងប្រទេស ក្នុងការកាត់បន្ថយនូវថ្លៃដើមផងដែរ ។ ជាក់ស្ដែងគ្រឿងចក្រក្នុងវិស័យសំណង់នីមួយៗ មានតម្លៃខ្ពស់ណាស់ ហើយបើសិនជាគាត់ត្រូវការទិញប្រើប្រាស់ថវិកាផ្ទាល់ខ្លួន នឹងធ្វើអោយគាត់បន្ថែមការចំណាយទៅលើការវិនិយោគក្នុងគម្រោង ក៏ប៉ុន្តែបើសិនជាគាត់ជួលគ្រឿងចក្រទាំងនោះទៅប្រើប្រាស់ពេលគម្រោងចប់ អាចយកត្រលប់មកវិញ ដោយអស់ថ្លៃដើមតិចជាងរបស់ផ្ទាល់ខ្លួន ។
លោកបន្ថែមថា នៅក្នុងប្រទេសកម្ពុជា សេវាកម្មបែបនេះ គឺនៅមានកម្រិតនៅឡើយ ហើយក៏កំពុងដើរក្រោយប្រទេសរីកចម្រើនលើពិភពលោកផងដែរ ដូច្នេះ ការនាំចូលមកនេះ លោកសង្ឃឹមថា នឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងដំណើរការសាងសង់លើវិស័យសំណង់ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជួយដល់ធុរជនដែលកំពុងស្វែងរករថយន្តសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លីផងដែរ ។
លោកបញ្ជាក់ថា តាមពិតទៅ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបង្កើតសេវាកម្មជួលនេះ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ក៏ប៉ុន្តែកាលនោះ គឺមានជួលតែរថយន្តសម្រាប់ដឹកអ្នកដំណើរប៉ុណ្ណោះ តែដោយសារតែមើលពីសក្ដានុពល និងការរីកចម្រើនលើវិស័យនេះ ទើប អ អិម អេ នាំចូលនូវសេវាកម្មជួលថ្មីនេះ មកកាន់កម្ពុជា តែម្ដង៕