អាជ្ញាធរ​ថៃ ចុះ​ចាប់​ទំនិញ​របស់​អាជីវ​ករ​ខ្មែរ​នៅ​ច្រកព្រំដែន​ចាំ​យាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2019 ក+ ក-

​កោះកុង ៖ ក្រុម​ក្រសួងពាណិជ្ជកម្ម​ថៃ និង​ទាហានជើងគោក​ថៃ បាននាំគ្នា​ចុះមក​ធ្វើការ​ចាប់​ទំនិញ របស់​ក្រុម​អា​ជីករ​ខ្មែរ ដោយ​អះអាងថា លក់​ទី​និ​ញ​រំលោក​លើ​កម្មសិទ្ធិបញ្ញា ។ ហេតុការណ៍​នេះ​ធ្វើ ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨ នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ បាន​កើតឡើង​រហូតដល់​មាន​ទាំង​ការបិទ​ច្រកទ្វារព្រំដែន​ហាត​ឡិ​ក​(​ថៃ​) ស្រុក​ខ្លុង​យ៉ៃ ខេត្ត​ត្រាត ជាប់​ខេត្តកោះកុង ផងដែរ​។​

​លោក ង៉ុ​យ ជាង នាយប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ព្រំដែន​ចាំ​យាម ថ្លែង​ឲ្យ​ដឹងថា ពិត​ជាមាន​ករណីនេះ មែន តែ​ត្រូវបាន​លោក​មេឃុំ​ហាត​ឡិ​ក (​ថៃ​) បាន​អន្តរាគមន៍​រារាំង​មិន​ឲ្យ​ចាប់យក​ទំនិញ​ទាំង​នោះទេ និង​បាន​ឲ្យ​អាជីវករ​ខ្មែរ​វិល​ចូលមក​ខេ​ត​កោះកុង​វិញ បន្ទាប់មក ក្រុម​ទាហាន​ថៃ ក៏បាន​ធ្វើការ​បិទទ្វារ​ព្រំដែន​ជា​បណ្តោះអាសន្ន ដើម្បី​កុំអោយ​មានការ​ចលាចល​កើតឡើង ។​

​សូមជម្រាបថា ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង បាន​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ថ្ងៃ​ដដែល បន្ទាប់ពី អាជ្ញាធរ​ព្រំដែន​នៃ​ភាគី​ទាំងពីរ​កម្ពុជា ថៃ បាន​ពិភាក្សាគ្នា​ចប់​រួចរាល់​៕