ភ្នំពេញ ៖ លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនរ៉ែមាសមានមូលដ្ឋាននៅប្រទេស ឥណ្ឌា Mesco Gold ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គ្រោង ចាប់ផ្តើមការចម្រាញ់រ៉ែមាសនៅកម្ពុជាជាលើកដំបូងនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនកំពុងដំឡើងផលិតកម្មចម្រាញ់រ៉ែមាសនៅគម្រោងរ៉ែមាស ភូមិស៊ីយ៉ារុង ក្នុងខេត្តរតនគិរី។
លោក យស មុនីរ៉ាត់ Mesco Gold (Cambodia) បានទទួលការអនុញ្ញាតដើម្បីប្រតិបត្តិការអាជីវកម្ម រួមមានការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គម ដោយក្រសួងបរិស្ថាន ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មរ៉ែពាណិជ្ជកម្ម និងទទួលបានការអនុម័តគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកបន្តថា ការវាយតម្លៃបរិស្ថាន និងផលប៉ះពាល់សង្គម (ESIA) របស់ក្រុមហ៊ុន Mesco គ្របដណ្ដប់លើផ្ទៃដីសរុប ១២ គីឡូម៉ែត្រក្រឡា ប៉ុន្តែអាជ្ញាប័ណ្ណរុករករ៉ែគ្របដណ្ដប់លើការផលិតលើផ្ទៃដី ១គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។
គួរជម្រាបថា Mesco Gold (Cambodia) បានទិញសិទ្ធិដើម្បីអភិវឌ្ឍអណ្ដូងរ៉ែ និងរុករករ៉ែនៅភូមិស៊ីយ៉ារុងពីក្រុមហ៊ុនរុករករ៉ែរបស់ប្រទេស កាណាដា Angkor Gold Corp កាលពីឆ្នាំ ២០១៣ ក្នុងកិច្ចព្រមព្រៀងលក់មានតម្លៃ ១,២ លានដុល្លារ។ ក្រុមហ៊ុន Angkor Gold Corp ប៉ាន់ប្រមាណថា រ៉ែនៅក្រោមដីនៅក្នុងភូមិស៊ីយ៉ារុង ខេត្តរតនគិរី ទាញយករ៉ែមាសរហូតដល់ ១០ ឆ្នាំ ដែលអាចផលិតមាសបាន ១០ ០០០ អោសន៍ក្នុងមួយឆ្នាំ៕