ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ញើលិខិត១ច្បាប់ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ជូនលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងខ្លឹមសារបានបញ្ជាក់ពីនីតិវិធីចំពោះការស្នើសុំបើកឡើងវិញនូវការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នៅក្នុងប្រទេសកម្ពុជា។
យោងតាមលិខិតរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា «ករណីស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) អគ្គនាយកដ្ឋានពន្ធដារ ដែលបានស្នើមកក្រសួងព័ត៌មាន មុនការផ្តល់អាជ្ញាបណ្ណ ឬផ្តល់ការអនុញ្ញាតឲ្យចុះបញ្ជីស្របច្បាប់ដល់ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នេះ គួរភ្ជាប់នូវលក្ខខណ្ឌនៃការគោរពកាតព្វកិច្ចសារពើពន្ធជាមុន…»។
នៅក្នុងលិខិតដដែល ក៏បានបញ្ជាក់ផងដែរថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យអាស៊ីសេរី (RFA) កន្លងមក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាយូរឆ្នាំមកហើយ ដោយពុំបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងពុំបានយកចិត្តទុកដាក់នូវការអនុវត្តកាតព្វកិច្ចចុះបញ្ជីពន្ធដារស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារនោះទេ ហើយក្រោយមក វិទ្យុទាំងពីរនេះ បានសម្រេចបិទការិយាល័យតំណាងរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយខ្លួនឯងហើយពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចទៀតផង។
គួរជម្រាបថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ឡើងវិញបានដែរ៕