ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានបញ្ជាក់ជូនលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចពីការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងចិន និងកម្ពុជា ព្រមទាំងបាន ប្រកាសគាំទ្រជួយដល់កម្ពុជាទៅលើវិស័យសេដ្ឋកិច្ច គ្រាដែលកម្ពុជាកំពុងទទួលរងនូវការដាក់សម្ពាធពីបណ្តាប្រទេសមួយចំនួនថែមទៀតផង។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាបែបនេះ ធ្វើឡើង តាមរយៈជំនួបសម្តែងការគួរសមជាមួយលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នេះ។
ជាមួយនឹងជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលចិននាពេលនេះ អគ្គរដ្ឋទូត វ៉ាង វិនធាន បានបញ្ជាក់ ថា៖ ភាគីទាំងពីរ កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈចំនួន៨រួចហើយ នៅក្នុងអំឡុងពេលនៃ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិននៅដើម ឆ្នាំ២០១៩នេះ ពោលគឺកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ។
មន្ត្រីទូត បានរំលឹកពីខ្លឹមសារសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ជូនលោកជំទាវឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន ពិសេសការជួយលើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោនក្នុងមួយឆ្នាំ២០១៩ទៅកាន់ប្រទេសចិន ហើយចិននឹងជួយកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៦០០លានដុល្លាអាមេរិកចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ និងបង្កើនភ្ញៀវទេសចរចិនមកកាន់កម្ពុជាឲ្យបាន ៥លាននាក់ក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ព្រមទាំងការពង្រឹងការអនុវត្តច្បាប់រវាងប្រទេសទាំងពីរផងដែរ ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានហៅប្រទេសចិនថាជាមិត្តល្អ គ្រាដែលកម្ពុជាជួបការលំបាក ចិនតែងតែជួយជ្រោមជ្រែងដល់កម្ពុជាជាបន្តបន្ទាប់លើការអភិវឌ្ឍគ្រប់វិស័យ ។
លោកជំទាវបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការគាំទ្រនយោបាយចិនតែមួយ និងនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ លោកជំទាវ ម៉ែន សំអន បានសាទរចំពោះអនុស្សារណៈចំនួន៨ ដែលបានចុះហត្ថលេខារួចហើយ កាលពីដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ ប្រទេសចិន។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជម្រាបជូនឯកអគ្គរដ្ឋទូតចិនថ្មីអំពីការងារស្នូល របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចថា ក្រសួងនេះមានភារកិច្ចធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លើការងារតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្ខពួក និងការពារសិទ្ធិរបស់ពលរដ្ឋ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ៕