រតនគិរី៖ អំពើហឹង្សាក្នុងពិធីមង្គលការមួយបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
បើតាមសាច់ញាតិជនរងគ្រោះប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹម វណ្ណី អាយុ២៤ ជនជាតិខ្មែរ មានមុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិត្រាំង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រភពបន្តទៀតថាក្នុងពិធីមង្គលការនេះមានចាក់ធុងបាស់ ហើយជនរងគ្រោះបានចូលរាំលេង ប៉ុន្តែក្នុងវង់រាំនោះពុំមានបញ្ហាទេ ស្រាប់តែលេចមុខមនុស្ស២-៣នាក់ មិនដឹងថាមានរឿងអ្វីនោះទេមកវាយប្តីគាត់មួយដំបងចំកញ្ចឹងក ប្តីគាត់ក៏បានរត់ចេញទៅក្រៅ ឃើញសកម្មភាពដូច្នេះពួកគាត់ស្ទុះទៅជួយ តែត្រូវជនដៃដល់ច្រានគាត់ឲ្យដួល។ ក្នុងសកម្មភាពច្របូកច្របល់នេះគេឃើញ មនុស្សជាច្រើនអ្នកព្រួតគ្នាវាយជនរគ្រោះដោយយកដំបងវៃក្បាលពីក្រោយនិងកាំបិតចាក់ចំកំភួនជើងដាច់ខ្យលស្លាប់ក្នុងថ្លុកឈាម។ ភ្លាមៗនោះដែរជនដៃដល់ និងបក្ខពួករត់គេចខ្លួនបាត់អស់។
បើតាមសាក្សីពីរនាក់មានឈ្មោះ ខ្លាន អឿន និងខ្លាន លីន បានមកចូលខ្លួនបំភ្លឺប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអណ្តូងមាសថា ឈ្មោះសល់ ម៉ាប់ អាយុ២៤ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ព្រោះជនដៃដល់នេះបានបបួលខ្លួនមកវាយជនរងគ្រោះផងដែរ ប៉ុន្តែអ្នកទាំង២បានបដិសេធមិនចូលរួមតាមការបបួលរបស់ជនដៃដល់នោះទេ។
មន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស ប្រាប់ឲ្យដឹងថាបក្ខពួកជនដៃដល់ ដែលរត់គេចខ្លួនបាត់នោះ ឥឡូវសមត្ថកិច្ចតាមចាប់បានចំនួន៦នាក់ហើយកំពុងសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកអណ្តូងមាស ចំណែកជនដៃដល់ដែលមានឈ្មោះសល់ ម៉ាប់នោះកំពុងសុំដីការតាមច្បាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ មន្ត្រីនគរបាលជំនាញនៃស្នងការនគរបាលខេត្តបានចុះត្រួតពិនិត្យសាកសព ហើយបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ ឡុង សារ៉េត