ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣ រហូត ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ ឲ្យ បានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។
តាមរយៈសារអំពាវនាវដែលបានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជា សាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាល អាចរៀបចំតាក់តែង គោល នយោបាយ បានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែល អាចផ្តល់ទិន្នន័យពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស ។ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មានអំពី ប្រជាជន ក្នុងមូលដ្ឋាន រហូតដល់មូលដ្ឋានថ្នាក់ទាបបំផុត ដែលជាតម្រូវការ មិនអាចមាន ប្រភពទិន្នន័យណាមកជំនួសបាន។
សម្ដេចបានគូសបញ្ជាក់ថា ទិន្នន័យជំរឿន នឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នក ណា ម្នាក់ឡើយ។
សូមបញ្ជាក់ថា ជំរឿនទូទៅប្រជាជននៅកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែមិនា ខាងមុខនេះ គឺជាជំរឿនលើកទី១ ដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជា បាន ក្លាយជាប្រទេសមួយ មានចំណូលមធ្យមកំរិតទាប។ នេះជាជំរឿនលើកទីបី បន្ទាប់ ពី ជំរឿនលើកទីពីរ នៅឆ្នាំ២០០៨ គឺរយៈពេលដប់មួយឆ្នាំគត់ ស្របតាម ច្បាប់ ស្តីពី ស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវចូលរួមសហការក្នុង ការ ធ្វើជំរឿន៕