ក្រុមជំនាញបំផ្ទុះចោលគ្រាប់បែកបង្កៃក្នុងកាស៊ីណូហ្គោលដិនក្រោន ក្រុងប៉ោយប៉ែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2019 ក+ ក-

បន្ទាយមានជ័យ ៖ គ្រាប់បែកបង្កៃដោយកំណត់ម៉ោងដែលប្រទះឃើញនៅក្នុងកាស៊ីណូ ហ្គោលដិនក្រោន ក្រុងប៉ោយប៉ែត ត្រូវបានក្រុមជំនាញធ្វើការបំផ្ទុះចោលជាស្ថាពរហើយ។កាលពីម៉ោង០៦:១៤នាទី ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងអគារកាស៊ីណូ ហ្គោលដិនក្រោន នាភូមិក្បាលស្ពាន១,សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងសន្តិសុខបានជន្លៀសភ្ញៀវចេញទៅទីសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីគេប្រទះឃើញគ្រាប់បែកបង្កៃមួយគ្រាប់។

ករណីនេះបានបង្កភ្ញាក់ផ្អើលហើយមានពាក្យនិយាយពីនេះពីនោះតាមមាត់និងផុសតាមបណ្តាញសង្គម។សមត្ថកិច្ចក៏មិនព្រមប្រាប់ថាគ្រាប់បែកនោះផលិតនៅប្រទេសណាហើយមានតម្រុយមុខសញ្ញាណាខ្លះនៅឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា មានករណីបង្កៃគ្រាប់បែកនៅកាស៊ីណូហ្គោលដិនក្រោននេះ នាំឱ្យគេនឹកឃើញស្រមោលរឿងចាស់ កាលពីឆ្នាំ២.០០០បានលង គឺមានករណីបង្កៃគ្រាប់បែក ២លើក ។

គួររំឭកថា លើកទី១នៅសណ្ឋាគារហ្គោលដិនក្រោន លោកវ៉ាងមន្ត្រីនគរបាលការពារព្រំដែនគោក៩១១ និងក៏ជាប្រធានសន្តិសុខកាស៊ីណូហ្គោលដិនក្រោនបានរបួសដាច់ដៃម្ខាងពេលចុះទៅដោះយកគ្រាប់បែកបង្កៃនោះហើយវាបង្កក៏ផ្ទុះឡើង។

លើកទី២នៅខែដដែលនៃឆ្នាំ២.០០០គ្រាប់បែកបង្កៃ១គ្រាប់ទៀត ក្នុងសណ្ឋាគារ ព្រីនសេស នៃក្រុមហ៊ុនកាស៊ីណូហ្គោលដិនក្រោនដែរ បានផ្ទុះ តែមិនបង្កឱ្យរបួសមនុស្សទេ៕