ភ្នំពេញ៖តំណាងរាស្ត្របក្សសង្គ្រោះជាតិ ពេលប្រជុំសភានៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ក្រសួងមួយចំនួន ជាពិសេសក្រសួងសុខាភិ បាល និងក្រសួងអប់រំ យុវជន និងកីឡា ថា ចាយថវិកាជាតិមិនអស់ ចំណែកក្រសួងខ្លះបែរជាចាយលុយលើស ខណះតម្រូវការរបស់ប្រជា ជនកម្ពុជាមានច្រើន។
លោក យឹម សុវណ្ណ បានថ្លែងបែបនេះនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ ដែលពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីគ្រោះមហន្តរាយ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់ គ្រងឆ្នាំ២០១៣។
ក្នុងសម័យប្រជុំរដ្ឋសភា លោក យឹម សុវណ្ណ បាននិយាយថា លោកឆ្ងល់ថា ហេតុអ្វីបានជាការចំណាយថវិកាសម្រាប់ ក្រសួងសុខាភិបាលមិនអស់ គឺចាយត្រឹមតែ៩៤ភាគរយ។ ចំណែកក្រសួងចំនួនពីរទៀត គឺក្រសួងអប់រំ និងក្រសួងសង្គមកិច្ចក៏ចាយថវិកាមិនអស់ដែរ។
លោកមានប្រសាសន៍ថា «ខ្ញុំមិនដឹងថាតើក្រសួងហិរញ្ញវត្ថុ ក្រសួងសុខាភិ បាលធ្វើការចំណាយចាយវាយយ៉ាងម៉េចទេ អត់មានតម្រូវការ ឬមួយក៏ក្រសួងសុខាភិបាលអ្វីៗមានចប់សព្វគ្រប់អស់ហើយ»។
លោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្មមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការចំណាយរបស់ស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រីបែរជាលើសទៅវិញ។ លោកថា«ក្រសួងផ្សេងៗ បានលុយតិចហើយ ចាយមិនអស់ទៀត។ ខ្ញុំមិនដឹងថាចាយមិនអស់លុយ ឬដោយសាររដ្ឋមិនឲ្យលុយ។ វិស័យចាំបាច់ចំណាយតិចវិញ ចំណែកចំណាយទីស្តីការគណៈរដ្ឋមន្ត្រី ចាយលើសដល់ទៅ១៤០ភាគរយ»។
បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣ ថវិកាសរុបដែលត្រូវចំណាយមានប្រមាណ៣ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះក្រសួងសុខាភិបាល មានចំនួនប្រមាណ២២៥លានដុល្លារ ក្រសួងអប់រំ យុវជន និងកីឡា មានចំនួនប្រមាណ២៨០លានដុល្លារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានចំនួនប្រមាណ១០៣លានដុល្លារ។
គួររំឭកថា រដ្ឋសភានឹងបន្តជជែកពីសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ នៅថ្ងៃសុក្រនេះបន្ថែម ទៀត៕ សុត្ថារ៉ូ