ភ្នំពេញ ៖ របាយការណ៍ថ្មីរបស់យូណេស្កូ បង្ហាញថា មានការសម្រេចវឌ្ឍភាព ពុំគ្រប់គ្រាន់ឡើយ ជុំវិញការបញ្ចូលជនចំណាកស្រុក និងជនភៀសខ្លួន ទៅក្នុងប្រព័ន្ធអប់រំជាតិបច្ចុប្បន្ននេះ គេត្រូវការបន្ទប់រៀន ជាងកន្លះលានបន្ទប់ ដើម្បីបំពេញតម្រូវការ កុមារ ជាជនចំណាកស្រុកនិងកុមារជាជនភៀសខ្លួនក្នុងពិភពលោក។
នេះបើតាម របាយការណ៍ពិនិត្យ តាមដានការអប់រំសកលឆ្នាំ២០១៩ របស់យូណេស្កូ ក្រោមប្រធានបទ “ការធ្វើចំណាកស្រុក ការផ្លាសទីលំនៅដោយបង្ខំ និងការអប់រំ” ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡា រួមជាមួយ អង្គការយូណេស្កូ បានប្រកាសផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមាន លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី អូតទ្រី អាហ៊្សូលៃ (Audrey Azoulay) អគ្គនាយក យូណេស្កូ នៅទីក្រុងប៊ែកឡាំង។
របាយការណ៍នេះ បានបង្ហាញថា ចំនួនកុមារ ជាជនចំណាកស្រុក និងជនភៀសខ្លួន ដែលដល់អាយុចូលរៀន នៅជុំវិញពិភពលោក កើនឡើង ២៦% ចាប់តាំងពីឆ្នាំ២០០០មក ដែលចំនួននេះ អាចបំពេញបន្ទប់រៀន ដល់ទៅជាងកន្លះលានបន្ទប់។ ចំណែកឯ សិទ្ធទទួលបានការអប់រំ ប្រកបដោយគុណភាព របស់កុមារទាំងនេះ ត្បិតត្រូវបានទទួលស្គាល់ កាន់តែច្រើនឡើងៗ លើក្រដាសស្នាមក៏ដោយ តែត្រូវជួបនឹងឧបសគ្គ ក្នុងបន្ទប់រៀន និងក្នុងបរិវេណសាលារៀន ជារៀងរាល់ថ្ងៃ និងត្រូវបានរដ្ឋាភិបាលមួយចំនួនតូច បដិសេធន៍មិនផ្តល់ឱ្យតែម្តង។
លោកស្រី អូតទ្រី អាហ៊្សូលៃ (Audrey Azoulay) បានលើកឡើង នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ របាយការណ៍នេះថា គ្រប់គ្នានឹងត្រូវខាតបង់ នៅពេលគេមិនយកចិត្តទុកដាក់ លើការអប់រំ សម្រាប់ជនចំណាកស្រុក និងជនភៀសខ្លួន។ ការអប់រំ គឺជាគន្លឹះ ដើម្បីលើកកម្ពស់ បរិយាបន្ន និងភាពចុះសម្រុងគ្នាក្នុងសង្គម។
លោកស្រីបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា វិស័យអប់រំ ត្រូវបានអភិវឌ្ឍយ៉ាងល្អប្រសើរ តាម រយៈ ការធ្វើកំណែទម្រង់ ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ពោលគឺ រំកិលសាលារៀន ឱ្យទៅជិតនឹងផ្ទះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង មិនថា ទីប្រជុំជន ឬ ជនបទនោះទេ។ ហើយកម្ពុជា ក៏មិនមានកុមារ ចំណាកស្រុក ឬ ជនភៀសខ្លួន ជាអន្តរជាតិនោះដែរ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយ ស្ថាប័នពាក់ព័ន្ធ អំពី ផ្តល់ឱកាស ដល់កុមារ និង ជនចំណាកស្រុក បានរៀនសូត្រគ្រប់ទីកន្លែង និងគ្រប់កម្រិត។
លោកបណ្ឌិត សភាចារ្យ ហង់ ជូនណារ៉ុន បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ វិស័យអប់រំ គឺជារឿងចាំបាច់បំផុត ក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ដូច្នេះហើយបានជា ក្រសួងអប់រំ បានយកចិត្តទុកដាក់ ជាខ្លាំង ទៅលើកុមារ ចំណាកស្រុក ដោយផ្តល់លទ្ធភាពឱ្យពួកគេបានចូលសិក្សារៀនសូត្របាននៅគ្រប់កម្រិត។
ឯកឧត្តម បញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព នៃការអប់រំ រាជរដ្ឋាភិបាលបានបង្កើតសាលារៀនបានច្រើន នៅគ្រប់ទីកន្លែង ព្រមទាំងបានពង្រឹងសមត្ថភាពបង្រៀន របស់គ្រូឱ្យបានគ្រប់កម្រិត និងត្រូវដោះស្រាយគ្រូបង្រៀនឱ្យបានច្រើន និង បង្កើនប្រាក់បៀវត្ស ជូនគ្រូបង្រៀន នៅតាមសហគម ដាច់ស្រយ៉ាល ឱ្យបានសមរម្មណ៍ផងដែរ៕