ភ្នំពេញ៖ ទោះបីជាមានការមិនពេញចិត្តចំណុចខ្លះនៅក្នុងសេចក្តីព្រាង ច្បាប់គ្រប់គ្រងអង្គការសមាគម ពីសំណាក់សង្គមស៊ីវិលនិងតំណាងស្ថានទូតប្រចាំកម្ពុជានោះក្តី ក៏កិច្ចពិភាក្សា និងអនុម័តបានបន្តតាមការគ្រោងទុក នៅព្រឹកថ្ងៃទី០៥ ខែមិថុនាចុងសប្តាហ៍នេះ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា ព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានដឹកនាំកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ការគ្រប់គ្រងសមាគម អង្គការក្រៅរដ្ឋាភិបាលទៅតាមការគ្រោងទុក។
លោក ផៃ ស៊ីផាន បានបង្ហាញក្នុងហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃនេះដែរថា ច្បាប់នេះ មានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ។
ក្នុងមាត្រា ២ ក៏បានកំណត់ថា ច្បាប់នេះ មានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងកំណត់ទំនាក់ទំនងរវាងសមាគម និង/ឬអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជា។ រីឯមាត្រា ៣ កំណត់ថា ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិច្បាប់ដោយឡែក ដែលចែងផ្សេងពីនេះ។
គួរជម្រាបថា សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នោះ ត្រូវបានអង្គការសមាគមមួយចំនួននិងតំណាងស្ថានទូតប្រចាំកម្ពុជា បង្ហាញក្តីបារម្ភលើការរឹតត្បិតសេរីភាពរបស់ពួកគេ។ អង្គការសមាគម បានទាមទារឲ្យមានការបើកចំហរ បង្ហាញសេចក្តីព្រាងច្បាប់នោះ ហើយពិភាក្សាឲ្យបានទូលំទូលាយមុននឹងអនុម័ត ប៉ុន្តែរដ្ឋាភិបាលបានអះអាងថា កន្លងមកបានដាក់ឲ្យមានការពិភាក្សាច្រើនលើកច្រើនសារួចមកហើយ៕