ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ទោះបីមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏មិនអាចធ្វើឲ្យកម្ពុជាស្លាប់ ឬក្លាយទៅជាអ្នកមានបានដែរ។ សម្តេចតេជោ ក៏បានថ្លែងចំអកថា កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណា ប្រើប្រាស់ភាពអនុគ្រោះពន្ធ ដើម្បីមកបង្វិលកម្ពុជាតាមចិត្តចង់នោះឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជាការបញ្ជាក់បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ។
សម្តេចតេជោ បញ្ជាក់ដែរថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ជាតិទៅដូរជាមួយនឹង ជំនួយជាមួយប្រទេសណាទាំងអស់ ដូច្នេះ កម្ពុជាត្រូវខិតខំធ្វើកំណែទម្រង់ សេដ្ឋកិច្ចរបស់កម្ពុជា ឲ្យកាន់តែរឹងមាំ។ សម្តេចតេជោ បានអះអាងថា ការដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ នេះ មិនមែនជាការបិទទីផ្សារទំនិញ កម្ពុជាចូលទៅកាន់អឺរ៉ុប នោះទេ ការនាំទំនិញចូលទីផ្សារអឺរ៉ុប នៅតែដំណើរការដដែល គ្រាន់តែត្រូវបង់ពន្ធប៉ុណ្ណោះ។ ការបញ្ជាក់ជំហររបស់កម្ពុជារបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺនៅគ្រាដែលសហភាពអឺរ៉ុបបានផ្តើមជាផ្លូវការហើយនូវដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជានឹងនៅតែធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំអាស៊ីអឺរ៉ុប ដដែល ដែលប្រមុខរដ្ឋរដ្ឋាភិបាលនៃប្រទេសអឺរ៉ុប នឹងត្រូវធ្វើដំណើរមកកាន់កម្ពុជានៅឆ្នាំ២០២០ ដោយគ្មានការប្រែប្រួលនោះឡើយ។
គួរបញ្ជាក់ថា នីតិវិធីដែលអាចឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធនាំចូលអឺរ៉ុប (អ្វីៗទាំងអស់លើកលែងតែអាវុធ) EBA ជាបណ្តោះអាសន្ន ត្រូវចែកចេញជា ៣ ដោយដំណាក់កាលទីមួយ មានរយៈពេល៦ខែ គឺជាពេលវេលាសម្រាប់តាមដាន ប្រមូលព័ត៌មាន និងចរចាជាមួយភាគីរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទីពីរ មានរយៈ៦ខែ ដោយចែកចេញជាពីរផ្នែក គឺ៣ខែ សម្រាប់សរសេររបាយការណ៍ និង ៣ខែទៀត សម្រាប់ស្តាប់ចម្លើយតបពីភាគីកម្ពុជា និងឈានទៅសម្រេចថាតើសហភាពអឺរ៉ុប ត្រូវព្យួរឬមិនព្យួរ EBA។ ដំណាក់កាលចុងក្រោយ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរEAB គេត្រូវទុកពេល ៦ខែទៀត ទើបសេចក្តីសម្រេចនេះចូលជាធរមាន។
សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ពោលគឺមានទំហំប្រមាណ៤៥ភាគរយ នៃផលិតផលនាំចេញរបស់កម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ។ ផលិតផលសំលៀកបំពាក់ និងស្បែកជើង គឺមានចំណែកទីផ្សារធំបំផុតនៃផលិតផលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដែលមានតម្លៃប្រហែល ៥ពាន់លានអឺរ៉ូ។ កន្លងទៅកម្ពុជា បានចំណេញថវិកាប្រមាណជាង៦០០ ទៅ៧០០លានដុល្លារ ពីការនាំចេញដោយមិនគិតពន្ធ និងកូតាពីសហភាពអឺរ៉ុប៕