ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យក្រុមហ៊ុនបរទេស ពិសេសមកពីតំបន់អឺរ៉ុប បន្តវិនិយោគនៅកម្ពុជា ទោះជាប្រព័ន្ឋ EBA ត្រូវដកឬមិនដកចេញពីកម្ពុជាក៏ដោយ ដោយអះអាងថារដ្ឋាភិបាលកម្ពុជា កំពុងកែទម្រង់ទាំងគោលនយោបាយផ្ទៃក្នុងដើម្បីលើកទឹកចិត្តផ្នែកធុរកិច្ច រួមនិងការពង្រីកដៃគូទីផ្សារក្រៅប្រទេសផងដែរ។ សម្តេចបានថ្លែងបែបនេះ ខណៈដែលសហភាពអឺរ៉ុប បានប្រកាសពីការចាប់ផ្តើមដំណើរការនិតិវិធី ដើម្បី ឈានដល់ការសម្រេចមួយលើប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា នាពេលខាងមុខនេះ ដែលមានរយៈពេល១៨ខែ ចាប់ពីថ្ងៃទី១២ ខែលម្ភៈ នេះតទៅ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតការងារក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងតែចាត់វិធានការកែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ សំដៅកែលម្អ និងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសវិធានការសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយថ្លៃដើមផ្នែកធុរកិច្ច។
សម្តេចតេជោ បង្ហាញថា កម្ពុជាក៏កំពុងបន្តទំនាក់ទំនងជាមួយបណ្តាប្រទេសនានា រួមទាំង សហភាពអឺរ៉ុបផងដែរ ដោយមិនទុកឱ្យបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ក្លាយទៅជាឧបសគ្គនៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ សហគមន៍ និងសហគមន៍នោះទេ។
តាមការលើកឡើងរបស់សម្តេចតេជោ ក៏បង្ហាញទស្សនវិស័យច្បាស់លាស់ដែរថា ទោះជាយ៉ាងណា កម្ពុជា និងសមាជិកអាស៊ានផ្សេងទៀត នឹងបន្តចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន និងអឺរ៉ុប ព្រមទាំងពិនិត្យពេលវេលាសមស្រប សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាង អាស៊ាន និងអឺរ៉ុប តាមសំណើរបស់សហភាពអឺរ៉ុប។ជាពិសេស កម្ពុជានឹងបន្តពិភាក្សាជាមួយដៃគូអឺរ៉ុប សម្រាប់ប្រធានបទ និងកិច្ចដំណើរការនៃការ ប្រជុំអាស៊ី អឺរ៉ុបលើកទី១៣ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ នាឆ្នាំ២០២០ខាងមុខ ដោយកម្ពុជាសង្ឃឹមថា វេទិកាពហុភាគីដ៏សំខាន់មួយនេះ នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរ។
តាមទិន្នន័យរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុនៅកម្ពុជា (EuroCham) បង្ហាញថា មានក្រុមហ៊ុនរបស់អឺរ៉ុប ចំនួនជាង៣៥០ កំពុងវិនិយោគនៅកម្ពុជា។
គួរកត់សំគាល់ថា ក្នុងគោលដៅកាត់បន្ថយការចំណាយ និង សម្រួលដល់ដំណើរការវិនិយោគរបស់ វិស័យធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្ត និងត្រៀមអនុវត្តនូវគោលនយោបាយ និងនីតិវិធី ដែលត្រូវបានធ្វើកំណែទម្រង់ជាច្រើន មានជាអាទ៍ ការលុបបំបាត់វិញ្ញាបនបត្រប្រភពដើមទំនិញ ការកាត់បន្ថយថ្លៃស្គែនកុងតឺន័រ និងថ្លៃសេវាមួយចំនួនទៀត! ការដកកិច្ចការរបស់កាំកុងត្រូលចេញ ពីការត្រួតពិនិត្យទំនិញនាំចេញ នាំចូល ការរំសាយអង្គភាពកាំសាប ការលើកទឹកចិត្តផ្នែកសារពើ ពន្ធដល់សហគ្រាសធុនតូច និងមធ្យម និងវិធានការសំខាន់ៗជាប្រព័ន្ធជាច្រើនទៀត។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងគិតគូរក្នុងការបញ្ចុះថ្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន ឡូជីស្ទីក ព្រមទាំងកំពុង ពិភាក្សាឡើងវិញនូវការលុបបំបាត់ចោលថ្ងៃឈប់សម្រាកដែលមិនចាំបាច់ជាអតិបរមា ក៏ដូចជាលុប ចោលកាលើកថ្ងៃឈប់សម្រាកនៅក្នុងវិស័យឯកជនផងដែរ៕