ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីបំណងបង្កើត«ក្រុមមេធាវីការពារក្តី ដើម្បីជួយជនរងគ្រោះជាស្ត្រីក្រីក្រ» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩ ។
បើតាមផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ថា៖ «ដើម្បីជួយស្ត្រីរងគ្រោះទន់ខ្សោយអោយកាន់តែមានប្រសិទ្ធភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត “ក្រុមមេធាវីការពាក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោដើម្បីជួយដល់ជនរងគ្រោះដែលជាស្ត្រីក្រីក្រ»។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារីនិងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំ ឃាំងគឺត្រូវរៀបចំកាត់ទោសនិងបន្ឋូរបន្ថយទោសឲ្យបានលឿនព្រោះស្ត្រីអ្នកទោសមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាមានកូនក្នុងបន្ទុក ដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។ ដូច្នេះ ត្រូវពិនិត្យសម្រួលព្យួរទោសដោះចេញឲ្យពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្ត្រីទាំងនោះ គឺ ត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពឲ្យពួកគាត់បានទៅផ្ទះវិញ»៕