បន្ទាយមានជ័យ ៖ ឈើធ្វើជាអុសស្ទែរចម្រុះ រាប់ពាន់ម៉ែត្រគូប ត្រូវបានក្រុមឈ្មួញកាប់ដឹកជញ្ជូន យកមក ស្តុបទុកខាងក្រោយស្នាក់ការបរិស្ថាននៅចំណុចអូរពោធិ៍ ក្នុងឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ដែលគេសង្ស័យថា សមត្ថកិច្ចជំនាញនៅទីនោះមានកាឃុបឃិតគ្នា ទើបមិនមានការត្រូតពិនិត្យ និង បង្ក្រាប។
អ្វីដែលពិសេសនោះ គឺ ប្រជាពលរដ្ឋកំពុងតែធ្វើការងឿងឆ្ងល់ និងរិះគន់ទៅលើមន្រ្តីបរិស្ថាន ដែល ប្រចាំការនៅស្នាក់ការអូរពោធិ៍ខណៈគេឃើញគំនរឈើតូចធំចម្រុះរាប់ពាន់ម៉ែត្រគូបនៅខាងក្រោយ ស្នាក់ការរបស់បរិស្ថាន ចំងាយប្រហែល(1000m)។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅទីនោះ បានអោយដឹងថា ឈ្មួញដែលកំពុងតែកាប់ បំផ្លាញព្រៃឈើទាំងនេះ មានឈ្មោះ ហៀង ដែលឈើទាំងអស់នោះកាប់ចេញពីព្រៃសហគមន៍ និង ព្រៃការពារដោយរដ្ឋមួយចំនួនផ្សេងទៀតផង ដែរ។
ប្រភពដដែល បានបន្តទៀតថាឈ្មោះ ហៀង នេះកំពុងតែបន្តកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិប តេយ្យ ដោយយកលេសជ្រកក្រោមស្លាក ក្រុមហ៊ុន សុវណ្ណភូមិ តាមការពិតនៅលើដី របស់ក្រុម ហ៊ុន មួយនេះ មិនមានឈើនៅសេសសល់ច្រើននោះទេ ពីព្រោះធ្វើការសំអាត និងដាំដុះដើមកៅស៊ូជាច្រើនឆ្នាំមកហើយ។
ប្រភពពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានច្រើននាក់ទៀត បានឱ្យដឹងថា អុសស្ទែរទាំងនេះ ជាប្រភេទឈើចំរុះ ដែលគេបានកាប់ដឹកចេញពីព្រៃសហគមន៍ និងព្រៃការពាររសបស់រដ្ឋមួយចំនួនផ្សេងទៀត ដែលគ្រប់គ្រងផ្ទាល់ដោយផ្នែករដ្ឋបាលព្រៃឈើ។
ពួកគាត់បានលើកឡើងថា ក្នុងមួយថ្ងៃៗ គេឃើញមានគោយន្ត រាប់សិបគ្រឿង បានដឹកដើមឈើគ្រប់ប្រភេទមកអារអង្កន់ធ្វើជាអុសស្ទែរដាក់តាំងលក់ ស្ថិតខាងក្រោយស្នាក់ការបរិស្ថាន នៅចំណុច អូរពោធិ៍ ក្នុងឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ហើយមិនដែលឃើញអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ធ្វើការទប់ស្កាត់ ឬ បង្ក្រាបឡើយ។ ករណីនេះត្រូវបានគេរិះគន់ និងសង្ស័យថា សមត្ថកិច្ចជំនាញបានបើកដៃ និងឃុបឃិតទទួលប្រាក់ពីអ្នកកាប់អុសទាំងនោះ។
ពួកគាត់បន្តថា អុសស្ទែរដែលមានមុខកាត់ចាប់ពី ២តឹក ដល់៤តឹក និង មានបណ្តោយប្រវែង ប្រមាណ១ ម៉ែត្រឡើងទៅ ដែលក្នុងមួយកន្លែងៗ មានរហូតដល់រាប់រយម៉ែត្រគូបនោះ ត្រូវបានក្រុម ឈ្មួញយកមកតំរៀបដាក់លក់ និងមានរថយន្តធំៗ ចេញចូលដឹកទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ ដោយ មិនខ្លាចក្រែង និងមិនឃើញមានសមត្ថកិច្ចជំនាញណាធ្វើការបង្ក្រាបនោះឡើយ៕