ភ្នំពេញ ៖ ក្រសួងការងារបានដាក់ឲ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័ត ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីផ្ដល់ព័ត៌មាន និងឱកាសការងារកាន់តែខិតជិតដល់សិស្សនិស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
ថ្លែងក្នុងសន្និសីទបិទគម្រោងស្តីពី”ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត”កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័ត ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារ ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។
ទន្ទឹមនឹងនេះយុវជនទទួលបានការងារកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក បន្ដថា ក្រសួងការងារ បានខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះ ឲ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។
លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា បានឲ្យដឹងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវរថយន្ត “មជ្ឈមណ្ឌលការងារចល័ត” ដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន ហើយមានមុខងារផ្តល់នូវសេវាសំខាន់ៗដូចមជ្ឈមណ្ឌលការងារធម្មតាដែរដូចជា៖ ការស្វែងរកមើលព័ត៌មានការងារ, ការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធើណិតនិងទម្រង់ក្រដាស, ការទទួលប្រឹក្សាយោបល់ការងារ, និងបណ្ណាល័យការងារជាដើម។
ប៉ុន្តែចំណុចពិសេសរបស់មជ្ឈមណ្ឌលការងារចល័តគឺអាចនាំយកសេវាការងារនិងព័ត៌មានឱកាសការងារកាន់តែខិតជិតដល់ប្រជាពលរដ្ឋអ្នកស្វែងរកការងារសិស្សនិស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេសជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។
ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្ត្រី ស្នើដល់ភាគីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ “មជ្ឈមណ្ឌលការងារចល័ត” ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅទូទាំងប្រទេស ៕