ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រចាំឆមាស នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានប្រើពេលជាង ៦ម៉ោង ដើម្បីជជែកពិភាក្សាយ៉ាងលម្អិត និងដោះស្រាយបញ្ហានានា ពិសេសគឺបញ្ហាវិវាទដីធ្លីនៅខេត្តព្រះសីហនុ និងការរំលោភដីធ្លីនៅភ្នំដោះក្រមុំខេត្តមណ្ឌលគីរី ។
អង្គប្រជុំ បានប្រើពេលរហូតដល់ជាង ៦ម៉ោង ដើម្បីស្តាប់ការរាយការណ៍ដោយផ្ទាល់ពីសំណាក់សមាជិកទាំង១៦គណបក្ស ដែលបានចុះពិនិត្យ និងស្រាវជ្រាវករណីទំនាស់ដីធ្លី និងបញ្ហាមួយចំនួនទៀតនៅតាមមូលដ្ឋាន។ បញ្ហាទំនាស់ដីធ្លី នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៤ ខែមករា កន្លងទៅ ក៏ក្លាយជាប្រធានបទក្តៅសម្រាប់លើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះដែរ ដោយមានភ្ជាប់វីដេអូ conference ជាមួយអភិបាលខេត្តទៀតផង។
លោក ឈឹម ផលវរុណ ប្រធានក្រុមប្រឹក្សាលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ថា ការចុះអនុវត្តសាលដីកាតុលាការកំពូលរហូតមានមានអំពើហិង្សា និងមានអ្នករង របួសបានធ្វើឲ្យសម្តេចតេជោ ខឹងសម្បារជាខ្លាំង។ ខឹងសម្បារក៏ព្រោះតែក្នុងប្រតិបត្តិការនោះ មេបញ្ជាការសឹករងខេត្តព្រះសីហនុ បានប្រើប្រាស់កម្លាំង យោធាទៅអនុវត្តសាលដីកាដោយខុសពីនីតិវិធី។
លោក ឈឹម ផលវរុណ បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យការស៊ើបអង្កេតឲ្យបានម៉ត់ចត់បំផុតចំពោះករណីហិង្សា នៃការអនុវត្តសាលដីកានេះ និងបានបញ្ជាឲ្យរឹបអូសដីសម្បទាននោះ យកមកឲ្យគ្រប់គ្រងវិញ មុននឹងយកដីសម្បទាននោះ ទៅធ្វើជាដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។
ក្រៅពីបញ្ហាទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ ក៏មានបញ្ហានៃការរំលោភដីធ្លីនៅតំបន់ភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរី ដែលត្រូវបានកិច្ចប្រជុំលើកមកធ្វើការពិភាក្សា និងដោះស្រាយផងដែរ។ លោក ឈឹម ផលវរុណ បន្តទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យអភិបាលខេត្តមណ្ឌលគីរី និងស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់ជាបន្ទាន់មិនអនុញាតិឲ្យទៅទន្ទ្រានដីនៅភ្នំ ដោះក្រមុំនោះឡើយ ដោយត្រូវរឹបអូសយកមកវិញទុកជាសម្បត្តិរដ្ឋ។
សម្តេចតេជោ បានអះអាងថា ការលើកឡើងជាយោបល់របស់សមាជិកមិនត្រូវបានបន្ទុច បង្អាក់នោះឡើយ គឺត្រូវតែប្រឹងប្រែងអន្តរាគមន៏ដោះស្រាយទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធភ្លាមៗ ដើម្បីដោះស្រាយបញ្ចប់បញ្ហាជាបន្ទាន់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដល់សមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គួរយកចិត្តដាក់លើបញ្ហាផ្សេងទៀត មិនមែនត្រឹមតែបញ្ហាដីធ្លីតែមួយមុខនោះទេ។ សម្តេចតេជោ បានកោតសរសើរចំពោះសកម្មភាពរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបន្តលើកទឹកចិត្តសមាជិកបន្តសកម្មភាពនេះ ឲ្យបានល្អថែមទៀតផងដែរ៕