កម្ពុជាស្នើឲ្យប៉ាគីស្ថាន-ឥណ្ឌា រក្សាការអត់ធ្មត់ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុ
ភ្នំពេញ ៖ ក្នុងឋានៈជាមិត្តនៃប្រទេសទាំងពីរ កម្ពុជាសង្ឃឹមថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា រក្សាការអត់ធ្មត់ខ្ពស់បំផុត ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធបន្តនៅតំបន់កាស្មៀរ ដែលនឹងនាំឲ្យមានអរិភាពក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងសេចក្តីប្រកាសដដែលបន្តថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា អាចធ្វើការចរចាគ្នាដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន និងស្វែងរកដំណោះស្រាយទំនាស់តាមមធ្យោបាយសន្តិវិធី។
ជាមួយគ្នានេះ កម្ពុជាក៏បានធ្វើការថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់ Pulwama និងការបេ្តជ្ញាចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មគ្រប់ទម្រង់ និងគ្រប់រូបភាពទាំងអស់៕