ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បានផ្តល់ថវិកា ៨៧លានដុល្លារអាមេរិកដល់ក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈ សម្រាប់អនុវត្តគម្រោង «ជំនាញដើម្បីប្រកួតប្រជែង»(S4C) ដែលមានរយៈពេល៥ឆ្នាំ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងការងារ។
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB នៅតែបន្តជួយគាំទ្រ ដល់ក្រសួងការងារ និងបណ្តុះបណ្តាល លើវិស័យបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ហើយបានកំពុងសិក្សា លើការរៀបចំជាផែនការយុទ្ធសាស្រ្ត៥ឆ្នាំបន្ទាប់របស់ខ្លួន ដើម្បីផ្តល់ការជួយគាំទ្រដល់វិស័យការងារ ស្របតាមអតិភាពទាំង៥ របស់ផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ទិសដៅ និងយុទ្ធសាស្រ្ត នៅក្នុងឆ្នាំ ខាងមុខជាបន្តបន្ទាប់។
ការជួយបន្តពង្រឹងវិស័យ បណ្តុះបណ្តាល ធនធានមនុស្ស , ប្រាក់ឈ្នួលអប្បបរមា, សុខភាព និង សុវត្ថិភាពការងារ ,ទីភ្នាក់ងារជាតិមុខរបរនិងការងារ, ទេសន្តប្រវេសន៍ការងារ, បេឡាជាតិរបបសន្តិសុខសង្គម និងការធ្វើប្រព័ន្ធទំនើបកម្ម នៃសេវាសាធារណៈ , ការស្វែងរកមូលនិធិ ជួយធានាដល់និរន្តភាព និងឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ ត្រូវបានធ្វើឡើង នៅកិច្ចពិភាក្សាទ្វេភាគីមួយ រវាង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោកស្រី អាយ៉ូកូ អ៊ីនណាហ្កាគី (Ayoko Inagaki) នាយកផ្នែកអភិវឌ្ឍន៍ និងមនុស្ស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្វែងយល់អំពីគម្រោង នៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី១ ខែមីនានេះ នៅទីស្តីការក្រសួង។
លោក ង៉ុយ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានមានប្រសាសន៍ឱ្យដឹងនៅក្រោយកិច្ចពិភាក្សាការងារនោះថា លោកស្រី លោកស្រី អាយ៉ូកូ អ៊ីនណាហ្កាគី បានជម្រាបថា សម្រាប់គម្រោង ក្នុងកិច្ចសហប្រតិបត្តិការវាង ADB និងក្រសួងការងារ លើ ជំនាញ ដើម្បីប្រកួតប្រជែង ហៅកាត់ថា (S4C) ដែលបានបានរៀបចំ សិក្សាកន្លងមក មានថវិការ៨៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) នឹងត្រូវអនុម័ត នៅខែ មិថុនា ហើយក៏នឹងចាប់ផ្តើមអនុវត្តគម្រោងនេះក្នុងតុលាផងដែរ។
នៅក្នុងនោះដែរ លោករដ្ឋមន្រ្តី បានសម្តែងការអរគុណ ដល់ ADB ចំពោះការចូលរួមចំណែក ក្នុងការជួយដល់វិស័យសេដ្ឋកិច្ច-សង្គម តាមរយៈការគាំទ្រលើគម្រោងនេះ ដែលជាផ្នែកមួយធ្វើឱ្យកម្ពុជាទទួលបានវឌ្ឍនភាពកំណើនសេដ្ឋកិច្ច ជាមធ្យម៧ភាគរយប្រចាំឆ្នាំ ហើយនិងអាចសម្រេចតាមគោលដៅ របស់ខ្លួននៅក្នុងការ ក្លាយជាប្រទេស ឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោក រដ្ឋមន្រ្តី បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែអាចរក្សានូវនិរន្តភាព នៃកំណើនរបស់ខ្លួនបើទោះបីជាមានបញ្ហាប្រឈមជា ដោយសារតែកត្តាខាងក្រៅច្រើន ដូចជា សង្រ្គាមពាណិជ្ជកម្ម ការប្រកួតប្រជែងកាន់តែតឹងតែង បដិវត្តឧស្សាហកម្ម៤.០ ប៉ុន្តែកម្ពុជាក៏អាចមានលទ្ធភាពក្នុងការក្សាភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវ កំណែទម្រង់នានា រួមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ច ទៅវិស័យឧស្សាហកម្ម ផ្សេងទៀត ដែលមានវិស័យសក្តានុពលជាច្រើន ក្នុងការស្រូបទាញកម្លាំងពលកម្ម អតិពលកម្មជាច្រើន វិស័យទៀត ក្រៅពីឧស្សាហកម្មកាត់ដេរ ដូចជា អេឡិចត្រូនិច កែច្នៃម្ហូបអាហារ សំណង់ និងអចលនទ្រព្យ កសិ-ឧស្សាហកម្ម ទេសចរណ៍ ជាដើម។
លោកស្រីតំណាង ADB បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្ស តាម រយៈការដាក់ចេញនូវក្នុងយុទ្ធសាស្រ្តចតុកោណ គោលនយោបាយជាតិ អភិវឌ្ឍន៍ឧស្សាហកម្ម ជាពិសេសពាក់ព័ន្ធ នឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានចែងនៅក្នុងគោលនយោបាយជាតិ ស្តីពី ការអប់រំបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
លោកស្រី នឹងប្រមូលយកនូវព័ត៌មាន ក៏ដូចជា ទស្សនៈល្អៗនៅថ្ងៃនេះ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំ ឱ្យចេញជាផែនការយុទ្ធសាស្រ្តបន្តសម្រាប់ជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងការ កសាងនូវមូលធនមនុស្ស ឆ្លើយតបទៅតម្រូវការនៃការវិវត្តន៍សេដ្ឋកិច្ច និងសង្គម៕