ខេត្តបន្ទាយមានជ័យ ៖ ការផ្លាស់ប្តូរមេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរណាស់ថា បានធូរស្រាលមួយកម្រិតពីការគាបសង្កត់យកលុយពីពលរដ្ឋឆ្លងដែនចេញចូលកម្ពុជា ថៃ ប៉ុន្តែលោកប្រធានប៉ុស្តិ៍ថ្មី បានស៊ីលុយធំជាងលោកប្រធានចាស់ទៅទៀត។
ការរិះគន់នេះ បានផ្ទុះឡើងចាប់តាំងពីលោក ខឹម ចិត្រា បានមកឡើងកាន់តំណែង ជាប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោក ស៊ឹម សំអាត ដែលធ្លាប់រងការរិះគន់ ពីអំពើពុករលួយ ហើយថែមទាំងសូកប៉ាន់ដើម្បីពន្យារការចូលនិវត្តន៍ ដើម្បីបានបន្តកាន់តំណែង ធ្វើជាអនុប្រធាននាយកដ្ឋានទទួលទិសទី១ បន្ថែមទៀត។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ខឹម ចិត្រា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាបង្អែក។ ប្រសិនបើគ្មានទេ គឺលោក ខឹម ចិត្រា នឹងមិនហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដូច្នេះឡើយ។
ប្រភពដដែល ក៏បានអំពាវនាវឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក ខឹម ចិត្រា ជាបន្ទាន់ផង បើមិនដូច្នេះទេ នឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ននគរបាល នឹងឈ្មោះប្រទេសកម្ពុជា ជាមិនខាន។
គួររំលឹកដែរថា ថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកោះហៅលោក ខឹម ចិត្រា មកសាកសួរជុំវិញរឿងអាស្រូវពុករលួយដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្រោយពេលថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កោះហៅលោក ខឹម ចិត្រា ទៅណែនាំ ស្រាប់តែឃើញលោក ខឹម ចិត្រា ហ៊ានប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត មិនដឹងថាលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានស្តីបន្ទោស ឬណែនាំដូចម្តេចខ្លះទេ។
ប្រភពដដែលបន្តថា ជនជាតិចិន ដែលមកធ្វើការនៅក្នុងក្រុមហ៊ុន នឹងកាស៊ីណូ នៅប៉ោយប៉ែត ក៏ត្រូវលោក ខឹម ចិត្រា បញ្ជាឲ្យពាក់កាតអន្តោប្រវេសន៍ដោយយកថ្លៃក្នុងម្នាក់ៗ ១.៤០០បាត រយ:ពេល៣ខែ ខណៈដែលជនជាតិចិនមកធ្វើការនៅប្រទេសកម្ពុជា មិនត្រូវបានកំណត់ឲ្យយកប្រាក់នោះទេ ។ រឿងដោយឡែកមួយទៀត
លោក ខឹម ចិត្រា បានបញ្ជាឲ្យកូនចៅដែលប្រចាំការនៅគល់ស្ពានអន្តជាតិកម្ពុជា ថៃ រួមដៃឃុបឃិតជាមួយមេខ្យល់នាំពលករខ្មែរចេញទៅថៃ យកលុយក្នុងម្នាក់ៗពី ៨០០បាត ទៅ៩.០០បាត ដោយឲ្យចេញផ្លូវត្រង់តាមច្រកទ្វារអន្តរជាតិ តែម្តង។
បើតាមប្រភពព័ត៌មាន បានបញ្ជាក់ថា លោក គៀត ច័ន្ទថារិទ្ធ បានកោះហៅលោក ខឹម ចិត្រា នាយប៉ុស្ដិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យបញ្ឍប់ទារប្រាក់ ខុសពីគោលការណ៍ដែលបានកំណត់ ពិសេសថ្លៃឯកសារ(កាត)ចូលធ្វើការនៅប្រទេសថៃ ពីពលរដ្ឋខ្មែរ តែមិនដូច្នេះទេ គឹលោក ខឹម ចិត្រា យកលើសដើម គឺពីពេលមុន យកថ្លៃពីពលរដ្ឋដែលរស់នៅក្នុងក្រុងតែ១៥០បាត ចំណែកក្រៅខេត្ត២៥០បាតទេ តែឥឡូវនេះ លោក ខឹម ចិត្រា យកពីអ្នកនៅក្នុងក្រុងប៉ោយប៉ែតគេយក ២៥០បាត ចំណែកអ្នកនៅក្រៅខេត្តយក ៣៥០បាត បូកនិងថតរួប ១សន្លឹក៥០បាតទៀត សរុប ៤០០បាត គឺ ស្មើនឹងពីរដងនៃតម្លៃចាស់។
លោក ខឹម ចិត្រា ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនអាចទាក់ទងសុំការពន្យល់ឆ្លើយតបក្នុងករណីរិះគន់ដូចខាងលើនេះបានទេ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នេះ។
ប្រភពបានឲ្យដឹងទៀតថា ជារឿយៗ គេឮតែលោក ខឹម ចិត្រា យកឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មកអួតក្អេងក្អាងគ្របដណ្តប់បិទបាំងអំពើពុករលួយរបស់ក្រុមខ្លួន យ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់៕