កំពង់ចាម៖ បុរសវ័យចំណាស់អាយុ៧៧ឆ្នាំម្នាក់ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់កូនប្រសាប្រុសពីបទរំលោភចៅស្រីបង្កើតរហូតមានផ្ទៃពោះ៦ខែ ស្ថិតនៅភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលបានប្រាប់ថា លផកតាវ័យ៧៧ឆ្នាំ ម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងរបស់លោក វ័ន្ត ទ្រូ អាយុ៤៥ឆ្នាំ ត្រូវជាឪពុកក្មេងស្រីរងគ្រោះ និងជាកូនប្រសារបស់ជនសង្ស័យ បន្ទាប់ពីដឹងថា កូនស្រីរបស់ខ្លួនមានផ្ទៃពោះ៦ខែ ពេលដែលយកទៅអោយគ្រូពេទ្យពិនិត្យ កាលពីថ្ងៃទី០៤ ខែមិថុនាកន្លងទៅនេះ។
នគរបាលដដែលបន្តថា ជនសង្ស័យជាជីតាបង្កើត មានឈ្មោះ ឡឹង ហម អាយុ៧៧ឆ្នាំ រីឯចៅស្រី រងគ្រោះ ប.ល.ដ អាយុ១៦ឆ្នាំ បានរស់នៅជាមួយជីតាតាំងពីតូចមកម្ល៉េះ ហើយការចាប់រំលោភនេះ កើតឡើងតាំងពីមុនចូលឆ្នាំខ្មែរសរុបបាន៦ដង។នេះបើតាមការលើកឡើងរបស់ក្មេងស្រីរងគ្រោះ។
តាជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ K K