ភ្នំពេញ ៖ ខាងភាគីហ្វីលីពីន បានបង្ហើបឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការហោះហើរត្រង់ពី ទីក្រុងម៉ានីល មកកាន់កម្ពុជានៅដើមខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដែលដំណឹងនេះធ្វើឲ្យខាងភាគីកម្ពុជាមានការត្រេកអរ។ កម្ពុជារំពឹងថា ការហោះហើរនេះនឹងនាំមក នូវចំនួនភ្ញៀវទេសចរបរទេសច្រើនឡើងថែមទៀតមកទស្សនាកម្ពុជា។
នៅក្រោយជំនួបពិភាក្សាស្តីពីការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនអាកាស ចរណ៍ហ្វីលីពីន នាព្រឹកថ្ងៃទី៥ មីនានេះ មន្ត្រីក្រសួងទេសចរណ៍ឲ្យដឹងថា កន្លងមកក៏មាន ការហោះហើរពីទីក្រុងសេប៊ូ មកកាន់ខេត្តសៀមរាប ៤ជើងក្នុង១សប្តាហ៍។
ដោយឡែក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនថ្មីដែលមានឈ្មោះថា ហ្វីលីពីន អ៊ែរឡាញ នឹងចាប់ ផ្តើមប្រតិបត្តិការហោះហើររបស់ខ្លួនដោយត្រង់មកកាន់កម្ពុជា នៅដើមខែមេសា ឆ្នាំ២០១៩ នេះចំនួន ៥ជើង ក្នុង១សប្តាហ៍ពីទីក្រុងម៉ានីលមកភ្នំពេញ ដែលការហោះហើរត្រង់នេះ គឺ ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដែលពួកគេមិនចូលចិត្តការហោះហើរដែលចុះ ចតច្រើនកន្លែង ដែលនាំឲ្យខាតទាំងពេលវេលា និងថវិកា។ នេះបើតាមការបញ្ជាក់របស់ លោក តុប សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ថោង ខុន សង្ឃឹមថា តាមរយៈការហោះហើរត្រង់ពី ទីក្រុងម៉ានីល មកកាន់ភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នាពេលខាងមុខនេះ នឹង នាំឲ្យអ្នកទេសចរហ្វីលីពីន ក៏ដូចជាអ្នកទេសចរជាតិសាសន៍ដទៃទៀតមកលេងកម្ពុជាកាន់តែ ច្រើនឡើង ហើយតាមការបញ្ជាក់របស់លោក តុប សុភ័ក្រ ដដែលថា យើងនៅមានប្រទេស ជាសមាជិកអាស៊ានមួយទៀត គឺប្រទេសឥណ្ឌូនេស៊ី ក៏នឹងបើកប្រតិបត្តិការជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា មកភ្នំពេញនៅដើមខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ផងដែរ៕