ភ្នំពេញ ៖ស្ត្រី ជាជនជាតិម៉ាឡេស៊ីម្នាក់ ស្លាប់ ក្នុងបន្ទប់លេខ១០០៥ ជាន់ទី១០ នៃសណ្ឋាគារ ហ្គ្រេនផាលេស ដោយមិនដឹងមូលហេតុ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ ហើយត្រូវបានម្ចាស់ទីតាំង និងអាជ្ញាធរដែនដី ឃុបឃិតគ្នាព្យាយាមបិទបាំងព័ត៌មាន។
សណ្ឋាគារនោះ គឺស្ថិតនៅតាមបណ្តោយផ្លូវលេខ១១១ កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ ជនជាតិម៉ាឡេស៊ី ដែលស្លាប់នេះឈ្មោះ Kin Kimkeng កើតនៅឆ្នាំ១៩៧៥។
ពាក់ព័ន្ធទៅនឹងការស្លាប់របស់ជនជាតិ ម៉ាឡេស៊ីរូបនេះ មិនត្រូវបានប្រភពព័ត៌មាន ឬមន្ត្រីអាជ្ញាធរមូលដ្ឋានដែនដីមួយណា អះអាងពីមូលហេតុនៃការស្លាប់នោះទេ។
ទាក់ទងទៅនឹងករណី ជនជាតិម៉ាឡេស៊ី ដែលបានស្លាប់នៅក្នុងសណ្ឋាគារ ខាងលើនេះ គឺពុំមានសមត្ថកិច្ចអាជ្ញាធរដែនដីណាមួយហ៊ានបង្ហើបប្រាប់ព័ត៌មាននេះ ទេ ព្រោះខ្លាចអំណាចម្ចាស់ទីតាំងសណ្ឋាគារមួយនេះ ដោយជាមន្ត្រីធំ ក្នុងជួររាជរដ្ឋាភិបាល។
ប្រភពព័ត៌មានដដែល បានបន្តទៀតថា ការស្លាប់របស់ជនជាតិម៉ាឡេស៊ីនេះ គឺមានអាថ៌កំបាំងខ្លាំងណាស់ ប្រសិនបើការស្លាប់នេះ កើតឡើងដោយសារជំងឺ ឬក៏គាំងបេះដូង ក៏មិនត្រូវលាក់បាំងព័ត៌មានបែបនេះដែរ៕CEN