ភ្នំពេញ ៖ ការធ្វើជំរឿនប្រជាជន ឆ្នាំ២០១៩ បានចាប់ផ្តើម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
ប៉ុន្តែក្រសួងផែនការ គ្រោងបន្ថែម រយៈពេល២ថ្ងៃ សម្រាប់ការចុះធ្វើជំរឿន នៅតាមមណ្ឌលមួយចំនួន ក្នុងប្រទេសកម្ពុជា ដោយសារតែចំនួនគ្រួសារមានការកើនឡើងលើសការគ្រោងទុក ពោលគឺរហូតដល់ថ្ងៃទី១៥ ខែមីនា ទើបបញ្ចប់។
អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា បានលើកឡើងថា ការសម្រេចពន្យារពេល ២ថ្ងៃ បន្ថែមទៀត សម្រាប់ការធ្វើជំរឿនប្រជាជននេះ ដោយសារតែក្រុមមន្ត្រី បានវាយតម្លៃពីដំណើរការធ្វើជំរឿន ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៣ ខែមីនា ហើយរកឃើញថា គ្រួសារប្រជាពលរដ្ឋ នៅតាមមណ្ឌល ធ្វើជំរឿន មានកំណើន ខុសពីការគិតទុក។ ដូច្នេះបើតាមការធ្វើជំរឿន ដែលពីដំបូង បានកំណត់ថា នឹងបញ្ចប់រួចរាល់ នៅថ្ងៃទី១៣ ខែមីនានោះ នឹងត្រូវពន្យារពេល រហូត ដល់ថ្ងៃទី១៥ ខែមីនា។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ នៅថ្ងៃទី០៩ ខែមីនានេះថា ៖ «ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះ តាមការប៉ាន់ស្មានតំបន់មណ្ឌលជំរឿនមួយចំនួន ប្រហែលនឹងត្រូវពន្យារពេលរយៈពេល២ថ្ងៃ គឺរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយសារមណ្ឌលជំរឿនទាំងនោះ មានចំនួនគ្រួសារកើនឡើងច្រើនជាងការគ្រោងទុក»។
តាមការគ្រោងទុក ការធ្វើជំរឿននៅកម្ពុជាលើកទី៣ ឆ្នាំ២០១៩នេះ មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩។ ជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស៕