ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ចបន្តស្រាវជ្រាវដើម្បីឈានទៅចាប់ខ្លួន និងកម្ទេចចោលទាំងស្រុងសកម្មភាពពួកជួញដូរគ្រឿងញៀន របស់មេខ្លោងនៅក្នុងក្លឹបកម្សាន្តរ៉ុក ។
ថ្លែងយ៉ាងដូច្នេះ ខណៈសម្តេចតេជោ បានថ្លែងបែបនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោ ថ្លែងដូច្នេះថា « ខ្ញុំបានធ្វើដំណើរឆ្លងកាត់សាលានេះស្ទើររាល់ថ្ងៃ គឺវានៅក្បែរវិទ្យាល័យបឹងត្របែក តែមិននឹកស្មានថាមានអាក្លិបចង្រៃមួយនៅក្បែរនោះ ដែលទើបតែរកឃើញថ្មីៗ ហេតុអីបានជាវាក្លាយទៅជាកន្លែងបំផ្លាញក្តីសុខរបស់ប្រជាជនយើង ។ ខ្ញុំសូមសម្ដែងការរីករាយណាស់ដែលសមត្ថកិច្ចយើងបានបង្ក្រាបបានទាន់ពេលវេលា តែគួរតែត្រូវបានធ្វើមុននេះ ។ វានៅក្បែរនឹងសាលារៀន វាបែរជាមានកន្លែងគ្រឿងញៀនដ៏ធំមួយ ។
សង្ឃឹមថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការលើបញ្ហានេះបន្តទៅទៀត បូកជាមួយនឹងដំណើរការក្តីរបស់តុលាការ ដែលត្រូវបន្តដាក់ទោសឲ្យធ្ងន់ធ្ងរ និងកុំឲ្យអំពើពាលាអាវាសែនេះ វិលត្រឡប់មកវិញ ហើយដាក់ទោសទណ្ឌធ្ងន់ធ្ងរ ស្វែងរកមេខ្លោងឲ្យឃើញ ថាតើអ្នកណានៅពីក្រោយនៃអំពើរត់ពន្ធគ្រឿងញៀន ជួញដូរគ្រឿងញៀននេះ ហើយត្រូវតែបំផ្លាញឲ្យដល់ឫសគល់អ្នកដែលពាក់ព័ន្ធនឹងសំណុំរឿងមួយនេះ……» ៕