កំពង់ចាម ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ មានការឃាត់ខ្លួនគ្រូទាយបោកប្រាស់ម្នាក់ដែល ធ្វើឡើងដោយកម្លាំងមន្ទីរយុត្តិធម៌ កងរាជ អាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ថាមានករណីចាប់រំលោភសេពសន្ថវៈ។ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត រង់ចាំបន្តនីតិវិធីតាមផ្លូវតុលាការនាពេលខាងមុខ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើត ហេតុនៅម៉ោង ៩ និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។
.កម្លាំងអាវុធហត្ថដកហូតបាន ស្រោមអនាម័យចំនួន២, ចានធូបទៀនយ័នចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយធ្វើសកម្មភាព) ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987។
.កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅតុលាការហើយ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវ: តាមមាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅ ដាក់នៅពន្ធនាគារខេត្តកំពង់ចាម ៕ ដោយ ៖ សុផល