ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនឧកញ៉ា គិត ធាង ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ជា បណ្តោះអាសន្ន នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះរង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី។
មន្ត្រីតុលាការ បានឲ្យដឹងថា ឧកញ៉ា គិត ធាង ត្រូវបានជាប់ចោទពីបទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចនាំខ្លួនពីលំនៅដ្ឋានរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ ហើយនៅព្រឹកថ្ងៃទី១២ ខែមីនា នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនតែម្តង។
គួរបញ្ជាក់ថា មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនឆ្នាំចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ៕