ភ្នំពេញ ៖ នៅទូទាំងប្រទេស សីតុណ្ហភាពអតិបរមាមធ្យមនឹងស្ថិតក្នុងរង្វន់ពី ៣៦ ដល់៣៨ អង្សារសេ។ ប៉ុន្តែនៅក្នុងខែមេសា និងខែឧសភា ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមា នឹងហក់ឡើងដល់ ៤០-៤២អង្សារសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។ នេះបើតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
អាកាសធាតុក្តៅហួតហែងដោយសារបាតុភូតអែលនីណូនេះ នឹងអូសបន្លាយរហូតដល់ដើមខែមិថុនា ។ រីឯស្ថានភាពទឹកភ្លៀងរដូវវស្សាដែលមកដល់យឺតពេលនោះមានបរិមាណតិចជាងមធ្យមភាគច្រើនឆ្នាំ ។ នេះបើយោងតាមការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងនិងដើមឆ្នាំរដូវវស្សាឆ្នាំ២០១៩ របស់ក្រសួងធនធានទឹកនិងឧតុនិយម។
ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១២ខែមីនានេះ បានជូនដំណឹងស្តីពីការការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និង ដើមឆ្នាំរដូវវស្សាឆ្នាំ២០១៩ថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានទៅលើស្ថានភាពសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមហាសមុទ្រឥណ្ឌានិងកម្រិតសីតុណ្ហភាពនៅលើសមុទ្រចិនខាងត្បូងរួចមកឃើញថាបាតុភូតអែលនីណូ El Nino នៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើផ្នែកជាច្រើននៃពិភពលោក និង តំបន់។ដោយឡែកចំពោះកម្ពុជានៅក្នុងរដូវប្រាំងនិងដើមរដូវវស្សាឆ្នាំ២០១៩នេះនឹងបន្តទទួលរងឥទ្ធិពលបាតុភូតនេះក្នុងកម្រិត៦០ភាគរយ និង ៤០ភាគទៀតទទួលរងឥទ្ធិពលអន្តរកាលពីបាតុភូត(អែលនីណូEl NinoនិងឡានីណាLa Nina)៕