ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ថា ការងារធ្វើជំរឿននៅតាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែមីនា ដែលជាថ្ងៃចុងក្រោយ បានបិទបញ្ចប់បណ្តើរៗហើយ ខណៈនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ អាចមានការយឺតយ៉ាវខ្លះៗ ដោយសារកំណើនប្រជាជនច្រើន។
បើតាមអ្នកនាំពាក្យដដែល នៅតាមបណ្តាខេត្តមួយចំនួន មន្ត្រីជំរឿនបានបញ្ចប់ការងារនេះបណ្តើរៗហើយ លើកលែងតែរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលទំនងជាចប់យឺតជាងគេ ដោយសារកំណើនប្រជាជនច្រើន។ លោក ណុប កនណាវុឌ្ឍ បញ្ជាក់ដូច្នេះ៖«ការធ្វើជំរឿននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ យើងបានបញ្ជូនមន្ត្រីជំរឿនបន្ថែមទៀត ដើម្បីឲ្យកិច្ចការការងារមួយនេះប្រព្រឹត្តទៅយ៉ាងរលូន និងឲ្យបានឆាប់»។
បើតាមលោក លោក ណុប កនណាវុឌ្ឍ រយៈពេលធ្វើជំរឿនរយៈពេល១០ថ្ងៃមកនេះ មន្ត្រីជំរឿនបានប្រទះនឹងបញ្ហាមួយចំនួនដូចជាគ្រោះថ្នាក់ចរាចរណ៍, សត្វឆ្កែខាំ ពេលចុះទៅប្រមូលព័ត៌មានផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋនៅ និងការរារាំងមន្ត្រីជំរឿនមិនឲ្យធ្វើកិច្ចការនេះជាដើម។ ទោះជាយ៉ាងនេះក្តីអ្នកនាំពាក្យក្រសួងផែនការ អះអាងថា ការធ្វើជំនរឿនប្រជាជនលើកទី៣នេះ នឹងបញ្ចប់ទៅដោយរលូនល្អ។
គួរបញ្ជាក់ថា ការងារជំរឿនប្រជាជនកម្ពុជា បានធ្វើរួច២ដងហើយគឺនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ជំរឿននៅឆ្នាំ១៩៩៨ មានប្រជាជនចំនួន១១.៤៣៧.៦៥៦នាក់ ហើយឡើងដល់ ១៣.៣៩៥.៦៨២នាក់ នៅឆ្នាំ២០០៨។ ការធ្វើជំរឿនលើកទី៣ ឆ្នាំ២០១៩នេះ បានចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ដោយគ្រោងចំណាយថវិការដ្ឋជាង ៨លានដុល្លារ៕