ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យទាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១០ រហូតរហូតដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពប្លន់ យកប្រាក់និងសម្ភារៈ កាលពីវេលាម៉ោង៦ និង ៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨សេ ផ្លូវ លេខ ២៧០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមនគរបាលបានអោយដឹងថាជនសង្ស័យ ដែល ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ,១/ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ, ២/ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង(មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតុង ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ , ៣/ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន,៤/ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យនិង៥/ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
លោកវរះសេនីយ៍ឯកអេង សោភា ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងថា ជនសង្ស័យជាមុខសញ្ញា ក្រុមចោរប្លន់ ប្រដាប់អាវុធ ដែលបានធ្វើសកម្មភាពប្លន់ ចំនួន ២ករណី ដែលករណីទី១ ធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាក Zoomer X ពណ៌ ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1AA-2166 មួយគ្រឿងកាលពីថ្ងៃទី០៣ខែមិនា ឆ្នាំ២០១៩នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យនិងករណីទី២ប្លន់លុយ ទូរសព្ទ័ដៃ និងខ្សែ កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីយប់ថ្ងៃទី០៦មិនា២០១៩ នៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោកនាយការិយាល័យ បានអោយដឹងទៀតថា បន្ទាប់ពីមានករណីប្លន់សមត្ថកិច្ចរបស់លោក ក៍បានសហការណ៍ជាមួយនគរបាលខណ្ឌមានជ័យនិង អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកំពតព្រមទាំងមានការសម្របសម្រួលពីលោកងិន ពេជព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញក៍ឈានទៅឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់។
នៅក្នុងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាង អាវុធខ្លីមួយដើមម៉ាកកា-៥៩,ម៉ូតូចំនួន០២គ្រឿងម៉ាក HondaBeat ពណ៌ខៀវលាយស(ម៉ូតូធ្វើសកម្មភាព) និងម៉ូតូម៉ាក Zoomer X ជាម៉ូតូជនរងគ្រោះរួចកសាងសំនុំរឿងចាត់ការតាមច្បាប់នៅពេលនេះ៕