ភ្នំពេញ ៖ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោក និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១៤ ខែមីនា នេះ។
នេះគឺជាដំណើរទស្សនកិច្ចជាលើកទី១ របស់លោក មួន ចេអ៊ីន មកកាន់កម្ពុជា និងជាប្រធានាធិបតីកូរ៉េខាងត្បូងទី៣ ដែលបានអញ្ជើញមកទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា។ អញ្ជើញទទួលដំណើរមកដល់របស់ប្រធានាធិបតីកូរ៉េ មានវត្តមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្រះបរមរាជវាំង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មុនមកដល់កម្ពុជា លោក មួន ចេអ៊ីន (Moon Jae-in) និងលោកជំទាវ របស់លោក គឺលោកស្រី គីម យ៉ុងស៊ុក (Kim Jung-sook) ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចំនួនពីរនៅតំបន់អាស៊ាន គឺប្រទេសប្រុយណេនិងម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា លោក មួន ចេអ៊ីន នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំងនៅថ្ងៃស្អែក។ បន្ទាប់មក លោក ប្រធានាធិបតីកូរ៉េ នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅឯវិមានសន្តិភាព។ ភាគីទាំងពីរ នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា និងការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីកង្វល់និងផលប្រយោជន៍រួម។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងស្នើទៅប្រធានាធិបតីកូរ៉េ ឲ្យជួយទិញផលិតផល កសិផលរបស់កម្ពុជា នៅក្នុងជំនួបនៅថ្ងៃស្អែកនេះ។ ចំពោះគម្រោងក្នុងការ លើកកំពស់ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កូរ៉េបានសន្យាផ្តល់ជំនួយ ដល់កម្ពុជា ដើម្បីធ្វើការស្តារ និងលើកកំពស់ឡើងវិញ។
តាមការគ្រោងទុក លោក មួន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េខាងត្បូង ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែច្រើនឡើងថែមទៀត។
គិតចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៨កន្លងមកនេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងពី៦០២,៦៨២ លានដុល្លារ ដល់៧៤៦,៣៨៥លានដុល្លារ។ ក្រៅពីនេះ ទំហំវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជាមានចំនួន២១៤គម្រោងជាមួយទំហំទឹកប្រាក់ប្រមាណ ៤.៤៧ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ១៩៩៦ ដល់ខែមករាឆ្នាំ២០១៩។
សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១ របស់ លោក មួន ចេអ៊ីន មកកាន់កម្ពុជា និងជាប្រធានាធិបតីកូរ៉េខាងត្បូងទី៣ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីលោក រ៉ូ មូយុន (Roh Moo-hyun) ដែលបានមកទស្សនកិច្ចនៅកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០០៦និងលោក លី ម្បុងបាក់ (Lee Myung-bak) ដែលបានធ្វើទស្សនកិច្ចមកកម្ពុជានៅខែតុលាឆ្នាំ២០០៩៕