ប៉ោយប៉ែត ៖ មន្ត្រីជំនាញបានទប់ស្កាត់ជ្រូកនាំចូលពីប្រទេសវៀតណាមស្របពេលដែលជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសមួយចំនួនលើពិភពលោក ដូចជាប្រទេសចិន និងវៀតណាម ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរនៃខេត្តជាប់ព្រំដែនភាគខាងកើត បានចេញសារាចរណែនាំនិងទប់ស្កាត់ការនាំចូលជ្រូកដែលគ្មានច្បាប់អនុញ្ញាត និងខ្វះការត្រួតពិនិត្យពីជំនាញឲ្យបានត្រឹមត្រូវ ប៉ុន្តែគេបានកត់សម្គាល់ថា ការនាំចូលជ្រូកពីប្រទេសថៃ មានការកើនឡើងខ្ពស់សម្រាប់ផ្កត់ផ្គង់ក្នុងស្រុក ជំនួសការនាំចូលពីប្រទេសវៀតណាម។
នៅក្នុងការនាំជ្រូកពីថៃ តាមច្រកតំបន់ចំនួន2ក្នុងខេត្តបន្ទាយមានជ័យ រួមមានច្រកតំបន់បឹងត្រកួន និងច្រកតំបន់ស្រុកម៉ាឡៃ មានចំនួន ២ក្រុមហ៊ុន នេះតាមការប្រាប់ពីមន្ត្រីជម្នាញនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ មានចំនួន 770ក្បាល។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្ត ប្រាប់តាមទូរស័ព្ទថាការនាំចូលជ្រូកពីថៃមាន2ក្រុមហ៊ុន គឺក្រុមហ៊ុនចន្ធូ មានជ័យ នាំចូលជ្រូកតាមច្រកតំបន់ម៉ាឡៃ និងក្រុមហ៊ុនអង្គរសុខសារិទ្ធ នាំចូលជ្រូកតាមច្រកតំបន់បឹងត្រកួន។លោកថា កន្លងមកកានាំចូលជ្រូកពីថៃ មានចំនួនតិច ទើបតែពេលនេះទេ ការនាំចូលជ្រូកមានការកើនឡើងទ្វេដង។
លោកថា មន្ត្រីជំនាញរបស់លោកបានពិនិត្យមើលលើសុខភាពសត្វយ៉ាងត្រឹមត្រូវ ម្យ៉ាងក្រុមហ៊ុននាំចូលមានវិញ្ញាបនបត្រនាំចូល និងលក្ខខណ្ឌនាំចូលគ្រប់គ្រាន់។
លោក ហ៊ុយ ទូច បញ្ជាក់ថាកានាំចូលជ្រូកពីថៃសម្រាប់ថ្ងៃទី២០ នេះ មានចំនួនសរុប ៧៧០ក្បាល គឺជ្រូករបស់ក្រុមហ៊ុនចន្ធូមានជ័យនាំចូលតាមច្រកតំបន់ម៉ាឡៃមានចំនួន៣៧០ក្បាល និង៤០០ក្បាល ជារបស់ក្រុមហ៊ុនអង្គរសុខសារិទ្ធ នាំចូលតាមច្រកតំបន់បឹងត្រកួន។ ទោះបែបណាអ្នកសារព័ត៌មានរកការបំភ្លឺពីម្ចាស់ក្រុមហ៊ុនអង្គរសុខសារិទ្ធ ណាម្នាក់បំភ្លឺឡើយ ញមានតែមន្ត្រីជំនាញម្នាក់នៅត្រួតពិនិត្យតែប៉ុណ្ណោះកំពុងធ្វើកំណត់ហេតុ៕