ភ្នំពេញ ៖ លោកស្រី Poala Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំ ការតំបន់អាស៊ីប៉ាស៊ីហ្វិច និងជាប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុប បានថ្លែងបញ្ជាក់ថា គណៈប្រតិភូសហភាពអឺរ៉ុប មកកម្ពុជានៅពេលនេះគឺមិនមែនមកដក EBA ពីកម្ពុជានោះទេ ប៉ុន្តែដើម្បីសន្ទនាស្វែងរកចំណុចរួមនៃការដំណោះស្រាយ និងបង្កើនកិច្ចសហប្រតិបត្តិការ និងដើម្បីបម្រើផលប្រយោជន៍រួមរវាងភាគីទាំងពីរសហភាពអ៉ឺរ៉ុប និងកម្ពុជា។
នៅព្រឹកថ្ងៃទី២០ ខែមីនា នេះ គណៈប្រតិភូសហភាពអឺរ៉ុប ចាប់ផ្តើមជួបសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមុនគេ ហើយនៅរសៀលថ្ងៃដដែលនេះ គណៈប្រតិភូសហភាពអឺរ៉ុប នឹងបន្តទៅជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។
ខណៈគណៈប្រតិភូសហភាពអឺរ៉ុប មកដល់កម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានវាយខ្នោះក្រុមអ្នកប្រឆាំង ដែលកំពុងដើរប្រមូលកម្លាំងនៅតាមមូលដ្ឋាន ដើម្បីត្រៀមទទួលលោក សម រង្ស៊ី។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«តិចថាខ្លាច គេមកពិនិត្យ EBA លោក ហ៊ុន សែន និយាយអ៊ីចឹង…ទេ អារឿងខុសច្បាប់ អត់មាន EBA មិន EBA ទេ ថារឿងខុសច្បាប់ហើយ គឺដាក់ហើយ កុំខ្វល់ពេក»។
លោកស្រី PoalaPampaloni បានលើកឡើងថា គណៈប្រតិភូសហគមន៍អឺរ៉ុបមកកម្ពុជានេះ គឺដើម្បីបង្កើននូវការជួបសន្ទនារវាងដៃគូទាំងពីរដោយត្រង់ទៅត្រង់មក លើបញ្ហាដែលបានលើកឡើងខាងលើនេះ។ លោកស្រីបានបន្តថា សហគមន៍អឺរ៉ុបចង់បង្កើនភាពជាដៃគូឱ្យកាន់តែខ្លាំងក្លាជាមួយកម្ពុជានិងបន្តនូវអ្វីដែលសហគមន៍អឺរ៉ុបបានជួយដល់កម្ពុជា៕
(ជំនួបរវាងសម្តេច ស ខេង និង គណៈប្រតិភូសហភាពអឺរ៉ុប នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ មីនា)