ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា សរសេរនៅលើបណ្តាញ Facebook របស់លោកថា គណៈស្ថាបនិកគណបក្ស និងក្រុមប្រឹក្សានយោបាយ បានសម្រេចយក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ជាថ្ងៃកំណើតបង្កើតគណបក្ស និងបានរើសយកឈ្មោះ ចំនួន២ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃសម្រេច គឺទី១ គណបក្សខ្មែរកែទម្រង់ (គ.ខ.ក) Khmer Reform Party (K.R.P) និងទី២ គណបក្សផ្តល់អំណាចពលរដ្ឋ (គ.ផ.អ.ព) People Empowerment Party (P.E.P)។ ឯបាវចនាគឺ ជាតិ ទឹកដី សេរីភាព។
សូមរំលឹកថា មុននឹងឈានដល់ការសម្រេចចិត្តបង្កើគណបក្សនយោបាយថ្មីពេលនេះ លោក សួន សេរីរដ្ឋា ធ្លាប់បានប្តឹងទាមទារគណបក្សអំណាចខ្មែររបស់លោក ពីលោក សួង សុភ័ណ្ឌ មកវិញដែរ នៅក្រោយពេលដែលលោកចេញពីពន្ធនាគារវិញ តែមិនបានជោគជ័យ ហើយមកដល់ពេលនេះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានសម្រេចបង្កើតគណបក្សថ្មីមួយទៀត បន្ទាប់ពីគណបក្សអំណាចខ្មែររបស់លោក ត្រូវធ្លាក់ក្នុងកណ្តាប់ដៃលោកសួង សុភ័ណ្ឌ អំឡុងពេលលោកជាប់ក្នុងពន្ធនាគារ កន្លងមក។
ទោះជាយ៉ាងនេះក្តី មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៅមិនទាន់សម្រេចបែបណា លើការបង្កើតគណបក្សថ្មីរបស់លោកសួន សេរីរដ្ឋា នេះនៅឡើយទេ៕