ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការធ្វើសមយុទ្ធចម្រុះកម្ពុជា-ចិន”នាគមាស” លើកទី៣ ឆ្នាំ២០១៩ រវាង កងទ័ពកម្ពុជា ជាមួយកងទ័ពរំដោះប្រជាជនចិន មិនមែនដើម្បីគំរាមកំហែងអ្នកណានោះឡើយ គឺធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាពកងទ័ព និង ពង្រីកចំណង មិត្តភាព សាមគ្គីភាព រវាង កងទ័ព និង ប្រជាជន នៃប្រទេសទាំងពីឱ្យកាន់តែរឹងមាំតែប៉ុណ្ណោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបិទសមយុទ្ធនានាគមាស ២០១៩ នៅក្នុងទីលានហ្វឹកហាត់បាញ់គ្រាប់ពិត តេជោសែន ជុំគិរី កងពលតូចថ្មើជើងលេខ៧០ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការធ្វើសមយុទ្ធលើកទី៣ របស់កងទ័ពប្រទេសទាំង២នេះ ពិតជាត្រូវការជាទីបំផុត ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពឱ្យបានកាន់តែពេញលេញថែមទៀត ហើយកម្ពុជាស្វាគមន៍ រាល់បំណងដែលចង់សហការធ្វើសមយុទ្ធយោធាជាមួយគ្នា កម្ពុជាមានកន្លែងសម្រាប់ធ្វើ ប៉ុន្តែក៏ត្រូវតែបំពេញតាមលក្ខន្ត គឺត្រូវទទួលរាប់រងលើផ្នែកធនធាន មធ្យោបាយ គ្រាប់រំសេវ និង ប្រងឥន្ធនៈផ្សេងៗមួយចំនួនទៀត ព្រោះថាកម្ពុជា មិនមានលទ្ធភាពចំណាយដ៏ធំបែបនេះឡើយ។
ចំពោះសមយុទ្ធនាគមាសលើកនេះ សម្តេចពិជ័យបានបញ្ជាក់ដែរថា បានធ្វើជាក់ស្តែងលើជំនាញ ស៊ើបការណ៍ភូមិសាស្រ្ត ដោយយន្តហោះគ្មានមនុស្សបើក (ត្រូន) ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការដោះគ្រាប់បែកគីមី និងបន្សាប់ជាតិគីមី ប្រតិបត្តិការរំដោះចំណាប់ខ្មាំង និងកំទេចជម្រកភេរវករ ដោយឧទ្ធម្ភាចក្រ ការបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ កំទេចជំរុំភេរវករ ការវាយលុកបោសសម្អាតជំរុំភេរវករ ដោយរថក្រោះ រថពាសដែក និងថ្មើជើង ការលោយឆត្រយោង ការដង្ហែរទង់ និងការសម្តែងក្បាច់គុណ កងទ័ពប្រទេសទាំងពីរួមគ្នាជាដើម។ ទាំងអស់នេះ គឺដើម្បីបង្ហាញពីការលើកម្ពស់សមត្ថភាពធនធានមនុស្ស កងទ័ពប្រទេសទាំងពីកម្ពុជា-ចិន ក្នុងប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌។
សម្តេចបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជា កំពុងរួមវិភាគទាន ក្នុងបុព្វហេតុ សន្តិភាព ស្ថិរភាព ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា នៅលើពិភពលោក តួយ៉ាងប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូគ្រឿងញៀន និងមនុស្ស ជម្ងឺឆ្លង ដែលកំពុងមានការគម្រាមកំហែង ដល់សន្តិសុខក្នុងតំបន់ និងពិភពលោក ដែលត្រូវការយើងរួមកម្លាំងគ្នា ដើម្បីឆ្លើយតប ដោះស្រាយ។
ជាមួយគ្នានោះ លោក វ័រ វិន ធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក៏បានបញ្ជាក់ពីឆន្ទះ និងលទ្ធផល ដែលសម្រេចបាន តាមរយៈសមយុទ្ធរួមគ្នាលើកនេះ ដែលធ្វើឱ្យកងទ័ព នៃប្រទេសទាំងពីរ ពង្រឹងមិត្តភាពជាប្រពៃណី ជម្រុញបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ សម្រាប់ឆ្លើយតបការគំរាមកំហែងសន្តិសុខគ្រប់បែបយ៉ាង ហើយនាំមកនូវផលប្រយោជន៍ សុភមង្គលដល់ប្រទេសជាតិ និងប្រជាជនទាំងពីរ ដើម្បីរួមវិភាគទាន ដល់ការគំពារ សន្តិភាព ស្ថិរភាពតំបន់ និងពិភពលោក៕