កំពង់ធំ ៖ មានករណីគ្រោះថ្មាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធន់ធំ ដឹកស្រាបៀរដូចគ្នា (ស្រាបៀរអង្គរ V.S ស្រាបៀរកម្ពុជា) នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ វេលាម៉ោង ១០:១៥នាទី ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ចំនុចផ្លូវបំបែក ព្រះវិហារ សៀមរាប ។
តាមប្រភពពីអ្នកឃើញហេតុការណ៍ បានប្រាប់ថា រថយន្តដឹកស្រាបៀរកម្ពុជា ម៉ាក HINO ពាក់ស្លាកលេខភ្នំពេញ 3D . 2158 មានទិសដៅពីត្បូង ទៅជើង ចំនែកឡានស្រាបៀរអង្គរ មានស្លាកលេខ តាកែវ 3A . 2009 មានទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុមានរថយន្តក្រុងមួយគ្រឿងបានអែបចតដើម្បីយកអ្នកដំណើរ ហើយឡានស្រាបៀរអង្គរ ដែលបើកនៅពីក្រោយឡានក្រុងនោះ ក៏ឡើងវ៉ាជែង ក៏ស្រាប់តែវាក់អើនឹង ឡានដឹកស្រាបៀរកម្ពុជា ដែលមកពីមុខ បុកចំផ្នែកចំហៀងខាងឆ្វេងពេញទំហឹងតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់គៀបជាប់ គឺតៃកុងឡានដឹកស្រាបៀរអង្គរ បាក់ជើងឆ្វេង ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ហៅឡានពេទ្យជួយសង្គ្រោះភ្លាមៗផងដែរ ចំនែកតាកុងឡានស្រាបៀរកម្ពុជា គ្មានរងគ្រោះថ្នាក់អ្វីទេ ក៏គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះធ្វើការវាស់វែងសម្រួលកុំឲ្យមានការកកស្ទះចរាចរណ៍ និងស្ទូច យករថយន្តទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ស្វាយ រង់ចាំភាគីសងខាងធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ ដោយ ៖ សុផល