ភ្នំពេញ ៖ មនុស្សចំនួន៤នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ចំណែកមន្ត្រីប៉ូលិសម្នាក់ទៀត ដែលពាក់ព័ន្ធ គឺសមត្ថកិច្ចកំពុងតែតាមរកចាប់ខ្លួនក្រោយករណីបង្ក្រាបគញរឿងញៀននៅក្លឹបកម្សាន្តរ៉ុក កន្លងទៅថ្មីៗនេះ។ នេះបើតាមកាតបញ្ជាក់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
អគ្គស្នងការនគរបាលជាតិរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងនេះខ្ញុំរុញទៅដល់តុលាការហើយ ក៏ប៉ុន្តែភារកិច្ចរបស់យើងខ្ញុំខាងស៊ើបអង្កេតតាមចាប់ក្នុងចំណោម១៥នាក់ ឥឡូវយើង រកបាន៤នាក់ហើយ ៤នាក់នឹងអ្នកទទួលខុសត្រូវ នៅក្នុងក្លិបកម្សាន្តរ៉ុក។ មន្ត្រីប៉ូលិសម្នាក់ទៀតដែលពាក់ព័ន្ធក្នុងរឿងនេះដែរ រកមិនទាន់ឃើញទេ កំពុងតែរកសមត្ថកិច្ចប្រឹងប្រែងរក»…..។
បើតាមប្រភពមួយគួរឲ្យទុកចិត្តបានឲ្យដឹងថា មន្ត្រីប៉ូលិសដែលតាមចាប់ខ្លួនឈ្មោះ ឡេង សុខគង់ ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមរំលឹកថា កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការជាទ្រង់ទ្រាយធំឆ្មក់ចូលបង្ក្រាបនៅក្នុងមជ្ឈមណ្ឌល កម្សាន្ត រ៉ុក (Rock) ដោយបានឃាត់ខ្លួនមនុស្សចំនួនជាង ៣០០នាក់ ពាក់ព័ន្ធការចែកចាយជួញដូរ និង ប្រើប្រាស់គ្រឿងញៀន រួមទាំង ដកហូតថ្នាំញៀនជាច្រើនប្រភេទប្រមាណជិត ៥០គីឡូក្រាម កាលពី កណ្ដាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រោយពេលបើកប្រតិបត្តិការនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យមន្ត្រីប៉ូលិស ដែលជាប់ពាក់ព័ន្ធរឿងគ្រឿងញៀនប្រមាណជិត ៥០គីឡូក្រាម នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក ចេញមកបង្ហាញខ្លួន ពីព្រោះមានដីកាតាមចាប់ខ្លួនហើយ បើទោះបីជាគេច ទៅណាក៏ទៅមិនរួចដែរ៕