ភ្នំពេញ៖លោកស្រីឡោក ខេង សមាជិក សភាមណ្ឌលភ្នំពេញមួយរូបមកពីគណបក្សប្រជាជនកម្ពុជា ,ជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានសរសេរអត្ថបទលើទំព័រហ្វេសប៊ុករបស់លោកស្រី មានចំណងជើងថា “អនិច្ចាណាស់ ជនរងគ្រោះ និងអ្នកនយោបាយលាបពណ៌”។
សំណេររបស់លោកស្រីបានលើកឡើងថា ៖ “ ថ្ងៃ ៨-៦-១៥ រដ្ឋសភាបានបន្តសម័យប្រជុំ ពិភាក្សាអនុម័តលើសេចក្តីសើ្នច្បាប់ស្តីពី «ការគ្រប់គ្រង គ្រោះមហន្តរាយ »។ អ្វីដែលគួរអោយស្តាយបំផុតក្នុងការពិភាគ្សានោះ គឺអ្នកតំណាងរាស្ត្រសង្គ្រោះជាតិម្នាក់ លោក លីម គីមយ៉ាន មកពីប្រទេសបារាំង បានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័នមនុស្សធម៌ គឺកាកបាទក្រហមកម្ពុជា ដោយចោទថាស្ថាប័ននេះ ពេលមានគ្រោះមហន្តរាយនានា គឺជួយ និងចែកអោយតែជនរងគ្រោះជា សមាជិកគណបក្សប្រជាជន ? ។នេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរ និងជាការលាបពណ៌នយោបាយដល់កម្លាំងយុវជនស្មគ្រ័ចិត្តកាកបាទក្រហមទូទាំងប្រទេស ដែលយុវជនទាំងអស់ បានលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមគ្រប់ចលនាមនុស្សធម៌ ប្រកបដោយទឹកចិត្តរីករាយ ក្នុងការជួយដល់បងប្អូនគ្រប់កាលៈទេសៈមិនគិតយប់ឬថ្ងៃ ពិសេសមិនដែលរើសអើង ឬសួរនាំជនរងគ្រោះទាំងអស់នោះថា ជាសមាជិកបក្សណានោះទេ គឺគិតតែខិតខំអោយអស់លទ្ធភាព ក្នុងការជួយសង្គ្រោះអោយទាន់ពេលវេលាតែប៉ុណ្ណោះ។
សំណេរលោកស្រីបន្តថា និយាយនេះដើម្បីបំបាក់ស្មារតី និងទឹកចិត្ត ពិសេសគឺប្រមាថនូវគោលជំហរឆន្ទៈដ៏សស្អាតរបស់យុវជនទេឬអី ?។ ម្យ៉ាងទៀតជួយពិចារណាផងតើយុវជនកាកបាទដែលខំឈរផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅតាមភ្លើងស្តុបរៀងរាល់ថ្ងៃសៅរ៏នោះមិនដើម្បី ប្រជាជនទាំងអស់ទេអី ? ។
-បណ្តាដៃគូជាតិ និងអន្តរជាតិទាំងអស់ ដែលគាំទ្រចលនាកាកបាទក្រហមកម្ពុជា កន្លងមករហូតដល់សព្វថ្ងៃ ជាពិសេសអង្គការសហប្រជាជាតិ ដែលបានផ្តល់នូវគោរមងារជូនដល់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានីនោះទៅជាអ្វីទៅវិញ ?
-សប្បុរសជនជាតិ និងអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រមានដូចជា ស្ថានទូតនានា ក្រុមហ៊ុន អង្គការនានា និងប្រជាជនផងដែរ ។
សំណេរបានបន្តទៀតថា ពិសេសបំផុតគឺនាងខ្ញុំអនិច្ចាណាស់ចំពោះបងប្អូនប្រជាជន ដែលជាជនរងគ្រោះ នូវគ្រោះមហន្តរាយនានាគ្រប់ពេលវេលាកន្លងមក គឺកំពុងរងគ្រោះ ត្រូវការការជួយសង្គ្រោះ ពេលបានកាកបាទជួយសង្គ្រោះហើយ ត្រូវបានរងគ្រោះមួយជាន់ទៀត ដោយអ្នកនយោបាយលាបពណ៌ អោយបន្ថែមទៀតថា សុទ្ធតែជាសមាជិកគណបក្សប្រជាជន ដោយមិនដឹងខ្លួន នេះឬចរិតអ្នកនយោបាយលាបពណ៌ ដ៏គួរអោយខ្លាចអើយ សំណូមពរសុំបញ្ឈប់ទៅនយោបាយលាបពណ៌នេះ ត្រូវគិតថាប្រជាជនខ្មែរត្រូវការសុខសន្តិភាពស្ថេរភាពនយោបាយ រស់នៅដោយមានសេចក្តីថ្លៃថ្នូរ មានសេចក្តីសុខទាំងចិត្ត និងកាយបើមានការខុសឆ្គងយើងប្រើវប្បធម៌សន្ទនា ចរចាគ្នា កែលំអគ្នា ជៀសអោយបានដាច់ខាតនូវការវាយប្រហារគ្មានហេតុផល គ្មានភាពប្រាកដនិយម ដែលធ្វើអោយកិតិ្តយស កិត្សានុភាពជាតិអាប់អោន ពិសេសគឺធ្វើអោយសា្ថប័នអន្តរជាតិមួយចំនួនមានការខកចិត្ត។
ម្យ៉ាងទៀតគួរតែអោយតម្លៃ ដល់យុវជនយើងដែលមានទឹកចិត្តមនុស្សធម៌ និងចូលរួមចលនាមនុស្សធម៌អោយកាន់តែច្រើនទើបបង្ហាញពីវប្បធម៌សាមគ្គី ដ៏រឹងមាំរបស់ប្រទេសជាតិ ៕
លោកស្រី ឡោក ខេង តំណាងរាស្រ្តក្នុងរដ្ឋសភា ចេញមកទទួលញត្តិរបស់អ្នកមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារកាលពីថ្ងៃទី២០តុលា ឆ្នាំ២០១៤