បន្ទាយមានជ័យ ៖ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតកាន់តែជិតមកដល់ហើយនោះ គេឃើញថា ឈ្មួញក៏សម្រុកនាំ ជ្រូកពីប្រទេសថៃ ចូលមកកម្ពុជារាប់ម៉ឺនក្បាលក្នុងមួយថ្ងៃៗ។ ការនាំចូលមកយ៉ាងគំហុកនេះ គឺដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរបញ្ជាជាឲ្យមន្ត្រីគ្រប់ច្រកទ្វារព្រំដែនទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសវៀតណាម ដោយខុសច្បាប់។
ជុំវិញនៃការនាំចូលយ៉ាងគំហុគនេះដែរ ក៏មានបងប្អូនខ្មែរយើងជាច្រើនសម្តែងការព្រួយបារម្ភ ខណៈដែលប្រទេសមួយចំនួនលើពិភពលោក និងតំបន់ផ្សេងៗ ពិសេសប្រទេសវៀតណាម កំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។
យោងតាមប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានអោយដឹងថា ជ្រូកដែលសម្រុកចូលខ្លាំងពីប្រទេសថៃ មកកម្ពុជានាពេលនេះ គឺភាគច្រើនចូលតាមច្រករបៀងមួយចំនួនរបស់ស្រុកម៉ាឡៃ និងច្រករបៀងមួយចំនួនក្នុងស្រុកអូរជ្រៅ រួមនិងបឹងត្រកួននៃស្រុកថ្មពួក ក៏ច្រើនសន្ធឹកសន្ធាប់ណាស់ដែរ។ ចំនួននៃការនាំចូលនេះ ត្រូវបានគេរាយការណ៍ថា ក្នុងមួយថ្ងៃៗមានយ៉ាងតិច ក៏២ម៉ឺនក្បាលដែរ ដែលចំនួននេះ ត្រូវបានឈ្មួញនាំយកទៅចែកចាយនៅគ្រប់បណ្តាខេត្ត ក្រុង នៃប្រទេសកម្ពុជា។
ប្រភពដដែលក៏បានលើកឡើងផងដែរថា នៅរាល់ការនាំចូលជ្រូកមកទម្លាក់រាយប៉ាយ ដើម្បីរង់ចាំរថយន្តមកដឹកបន្តទៅចែកចាយគេមិនដែលឃើញមន្ត្រីជំនាញពេទ្យសត្វមកត្រួតពិនិត្យសុខភាពជ្រូកទាំងនោះទេ មិនតែប៉ុណ្ណោះ ជ្រូកដែលងាប់ ក៏មិនត្រូវបានគេកប់ចោលដែរ គឺដឹកទៅចូលទីសត្តឃាតកាប់យកសាច់លក់ចែកចាយយ៉ាងអនាធិបតេយ្យ ដោយគ្មានការយកចិត្តទុកដាក់ពីមន្ត្រីពេទ្យសត្វនោះឡើយ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានធ្លាប់លើកឡើងថា ចំពោះផលិតផលបក្សី និងសត្វដែលឆ្លងកាត់មកលក់នៅស្រុកខ្មែរ សុទ្ធតែមានវិញ្ញាបនបត្របញ្ជាក់សុខភាព ពីស្ថាប័នជំនាញថៃ ទាំងអស់ ដូច្នេះកាលណាមានវិញ្ញាបនបត្របញ្ជាក់ គឺត្រូវបានចាត់ទុកថា ជាផលិតផល និងសត្វមានសុខភាពល្អហើយ ។
បើទោះជាមានការអះអាងយ៉ាងដូច្នេះក្តី បងប្អូនពលរដ្ឋនៅតែសម្តែងការបារម្ភ និងបានសំណូមពរផងដែរថា បើជាសិនជារាជរដ្ឋាភិបាលចេញច្បាប់អនុញ្ញាតអោយនាំចូលហើយ សូមមន្ត្រីពាក់ពន្ធ័ពិសេសមន្ត្រីជំនាញពេទ្យសត្វ មេត្តាបង្កើនការត្រួតពិនិត្យសុខភាពជ្រូកទាំងនោះឲ្យបានម៉ត់ចត់ផង កុំសម្អាងតែលើសំបុត្របញ្ជាក់សុខភាពពីរបស់អាជ្ញាធរសមត្ថកិច្ចថៃពេក ព្រោះឈ្មួញខិលខូចអាចឆ្លៀតឱកាសដាក់បន្ថែមចំនួនជ្រូកឲ្យលើសពីចំនួនក្នុងវិញ្ញាបនបត្ររាប់រយ ពាន់ក្បាលទៀតក៏អាចថាបានដែរ។ជាក់ស្តែងក្រុមហ៊ុនទាំងអស់ សព្វថ្ងៃកាន់ច្បាប់ ១.០០០ក្បាល តែដឹករហូត ៣.០០០ក្បាលឯណោះ ដូច្នេះគ្មានអ្វីដែលត្រឹមត្រូវនោះ អោយតែត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញ និងមន្ត្រីពាក់ពន្ធ័តាមដងផ្លូវ គឺគ្រប់គ្រាន់ពេកណាស់ទៅហើយ…៕ ដោយ ៖ ស.រ.